(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្នុងនាមអ្នកទទួលខុសត្រូវខ្ពស់បំផុត រាជរដ្ឋាភិបាលកម្ពុជា សម្តេចបានតាមដានជាប់ជាប្រចាំនៅព្រឹត្តិការណ៍ស៊ីហ្គេម ដែលចប់ព្រឹត្តិការណ៍នេះ ប្រៀបបីដូចជាបានដកបន្លាចេញពីទ្រូងដូច្នោះដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យ ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងពិធីនេះ សម្តេចបានលើកឡើងពីការខិតខំរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តការណ៍កីឡាជាប្រវត្តិសាស្ត្រ ស៊ីហ្គេម លើកទី៣២ ហើយកិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យវិស័យកីឡាកម្ពុជា ទទួលបានលទ្ធផលល្អ ក្នុងការប្រកួតនេះផងដែរ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «តែយ៉ាងណាក៏ដោយ ដូចដកបន្លាចេញពីទ្រូង ក្នុងឋានៈជាអ្នកទទួលខុសត្រូវខ្ពស់បំផុត នៃអង្គការនីតិប្រតិបត្តិ ដែលាមានរឿងអីគេចង្អុលមុខនាយករដ្ឋមន្ត្រីតែម្តង»។
សម្តេចតេជោ បានបន្តថា គិតត្រឹមថ្ងៃនេះភាគច្រើនបានត្រឡប់ទៅប្រទេសរបស់គេវិញហើយ ប៉ុន្តែអាចមាននៅសល់មួយចំនួន ដែលគាត់បន្តដើរកម្សាន្តនៅកម្ពុជា ជាមួយនឹងទឹកចិត្តសប្បាយរីករាយ ដែលពួកគេបានមកជួបប្រជាជនកម្ពុជា។
សម្តេចបានលើកឡើងថា ឆ្នាំនេះក៏មានបងប្អូនខ្មែរយើងនៅបរទេសច្រើនដែរ ដែលបានមកកម្ពុជា ពេលរៀបចំអង្គរសង្ក្រាន្តក៏បានមកលេង និងរៀបចំស៊ីហ្គេមក៏បានមកលេង៕