(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែក មិនទាន់ផ្ទុះ៥គ្រាប់ក្នុងកំសៀវចាស់ ហើយបានប្រគល់ឱ្យនគរបាលស្រុកបាកាន ដើម្បីទាក់ទងអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោល។
ហេតុការណ៍ភ្នាក់ផ្អើលនេះ បានកើតឡើងនៅព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចព្រៃជាប់របងចំការ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកអនុសេនីយ៍ឯក យ៉ែម យឿន អធិការរងនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ យល់ រ៉ា មានប្តីឈ្មោះ ផាន់ ភាព អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៥គ្រាប់ ក្នុងកំសៀវចាស់មួយ នៅព្រៃជាប់របងចំការ ក្នុងគឺមានគ្រាប់ អន្លូងដងដែក៣គ្រាប់ (ផលិតនៅសូវៀត) ក្រឡាទៀប១គ្រាប់ (ផលិតនៅសូវៀត) និងផ្លែថ្ងាន់១គ្រាប់ (ផលិតនៅចិន) ដែលគ្រាប់ទាំងអស់នោះមានគុណភាពចាស់ ក្រោយមកបានរាយការណ៍ ដើម្បីនគរបាលស្រុកបាកាន មកយករក្សាទុក និងរង់ចាំអង្គភាពស៊ីម៉ាក់យកទៅកម្ទេចចោលនៅពេលក្រោយ។
ក្នុងនោះដែរលោកអធិការរងស្រុកបាកាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នូវគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងឡាយណា ដែលបន្សល់ពីសម័យសង្គ្រាមក្តី ឬគ្រាប់ផ្សេងក្តី ដែលបានមកពីគ្រប់មជ្ឈដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់ទៅកម្លាំងមានសមត្ថកិច្ច ឬអង្គភាពស៊ីម៉ាក់ ដែលនៅជិតបំផុត ដើម្បីយកទៅកម្ទេចចោល ជៀសវាងកើតមានគ្រោះថ្នាក់ដល់មនុស្សជាយថាហេតុ។
គួរបញ្ជាក់ថា នៅតំបន់រំលេចត្រូវអាជ្ញាធរមូលដ្ឋាន រកឃើញកន្លែងកាប់សម្លាប់ និងគំនរឆ្ឆឹងជនរងគ្រោះក្នុងរណ្តៅរួម កាលពីសម័យ ប៉ុល ពត មាន៧ទីតាំងធំៗ គឺនៅទួលឈុន ទួលសេសញ៉ូវ មន្ទីរ៤២ ដំណាក់ផ្ចឹក ព្រៃក្របៅ អូរចែង និងទួលទីលានបាល់រំលេចផងដែរ៕