(សិង្ហបុរី)៖ ប្រទេសចិនបានប្រកាសថា ខ្លួននឹងធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅតំបន់សមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែកក្កដា បន្ទាប់ពីបានចាញ់ក្តីហ្វីលីពីន នៅតុលាការមជ្ឈត្តិកម្មអចិន្រ្តៃយ៍ ដែលបានចេញសេចក្តីសម្រេចកាលពី ថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦។
ទីភ្នាក់ងារសន្តិសុខនាវាចរចិន (MSA) បានព្រមានមិនឲ្យនរណាក៏ដោយ ចូលទៅក្នុងតំបន់ដែលយោធាធ្វើសមយុទ្ធ អំឡុងពេលបីថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថា ភាពតានតឹងនៅតែបន្តអូសបន្លាយដដែល នៅតំបន់សមុទ្រចិនខាងត្បូង បន្ទាប់ពីតុលាការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង ឡាអេ ប្រទេសហូឡង់ កាត់ក្តីតាមការទាមទារជាឯកតោនភាគី របស់អតីតរដ្ឋាភិបាលហ្វីលីពីន។
ប្រទេសចិនកន្លងមក បានអះអាងអធិបតេយ្យជាយុទ្ធសាស្ត្រស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដោយយោងលើ «សិទ្ធិនៃប្រវត្តិសាស្ត្រ» ដែលខ្លួនបានគ្រប់គ្រងតំបន់នេះតាំងពីបុរាណកាល ប៉ុន្តែហ្វីលីពីន និងបណ្តាប្រទេស អាស៊ានមួយចំនួនទៀត បានប្រកែកតវ៉ា៕