(ភ្នំពេញ)៖ ឱកាសល្អសម្រាប់យុវជន យុវនារីកម្ពុជា បានមកដល់ទៀតហើយ! គឺកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៦ ដោយអ្នកឈ្មោះ Top-1 នឹងទទួលបាលរង្វាន់ធំ ម៉ូតូ១គ្រឿង។
លើក Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយកមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកក្កដានេះបានឲ្យដឹងថា បេក្ខជន បេក្ខនារី អាចចូលរួមដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៦ - I Am a Role Model 6 ដើម្បីបង្ហាញពីទង្វើសកម្មភាពជួយ ដល់សង្គមដែលជាគំរូល្អៗ សម្រាប់យុវជន និង ប្រជាពលរដ្ឋទូទៅ។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងគាំទ្រ លើកទឹកចិត្តដល់ពលរដ្ឋ ជាពិសេស យុវជនយុវនារីគ្រប់រូបឲ្យចូលរួមកសាងអំពើល្អក្នុងសង្គម និងចៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា កម្មវិធីនេះ គឺចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ ពី ថ្ងៃទី១៨ ខែកក្កដា រហូតដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ឈប់ទទួលពាក្យនៅម៉ោង ៦៖០០ល្ងាច។
សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់កិត្តិយសប្រគល់ពានរង្វាន់ដល់ បេក្ខជន បេក្ខនារី ជ័យលាភីទាំងអស់ដែលបានទទួលជ័យជំនៈ នៅក្នុងវគ្គពិសេសនេះ។ ជ័យលាភីលេខ១ (Top-1) វគ្គទី ៦ នេះនឹងទទួលបានរង្វាន់ធំម៉ូតូ SUZUKI IMPLUSE មួយគ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត។
លក្ខ័ណចូលរួម៖ បេក្ខជន បេក្ខនារី ដែលអាចដាក់ពាក្យចូលរួមប្រកួតប្រជែងបាន គឺត្រូវតែជាបេក្ខជនបេក្ខនារី ដែលធ្លាប់បានធ្វើ/កសាងអំពីល្អក្នុងសង្គមរួចហើយ និងកំពុងបន្តធ្វើអំពីគំរូល្អៗ ជាច្រើនទៀតនៅក្នុងសង្គមជាតិ។ សូម Upload វីដេអូឃ្លីប (Video Clip) ដែលបង្ហាញអំពីសកម្មភាពនៃអំពើល្អទាំងនោះទៅក្នុង Facebook ផ្ទាល់ខ្លួន ហើយផ្ញើកូដ (Submit Embed Code) នៃ Video នោះមកកាន់គេហទំព័រ សម្តេចតេជោ ដើម្បីចូលរួមប្រកួត។ ចំពោះអតីតជ័យលាភី Top1, Top 10 ចាប់តាំងពីវគ្គ ១ដល់វគ្គ៥ គឺអាចចូលរួមប្រកួតបានទាំងអស់គ្នា។
សូមចុចអានការណែនាំបន្ថែម ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា នៅវេបសាយ សម្តេចតេជោ www.samdechhunsen.gov.kh ឬ ចុះឈ្មោះចូលរួម http://spm.samdechhunsen.gov.kh/login.php៕