(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះត្រួតពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបានបំពាក់នៅទីតាំងសំខាន់ៗ ក្នុងពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការបំពាក់កាមេរ៉ាសុវត្ថិភាព បន្ថែមលើការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធនេះ ដើម្បីរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងមហាជនយ៉ាងច្រើនកុះករ។

ជារួមចាប់តាំងពីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម រហូតដល់ការបិទបញ្ចប់ជាផ្លូវការ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺបានប្រព្រឹត្តទៅដោយរលូនមិនមានហេតុការណ៍អ្វីមួយកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគ្រប់ប្រតិភូកីឡា ភ្ញៀវជាតិ និងអន្ដរជាតិ ទទួលបានសុវត្ថិភាព១០០ភាគរយ៕