(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសារ រងគ្រោះដោយអគ្គីភ័យនៅភូមិក្រសាំង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងនោះ លោក សោម គឹមឡម បានសម្ដែងនូវសមានចិត្តសោកស្ដាយ និងចូលរួមផ្តល់នូវសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយនូវស្ថានភាពដ៏គ្រោះអាសន្ននេះ។

លោកអភិបាលស្រុក ក៏បាននាំនូវការផ្ដាំសួរសុខទុក្ខរបស់លោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាមានអាសន្នផ្សេងៗ។

លើសពីនេះទៀត លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់គេហដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះអគ្គីភ័យ និងប្រភពចំហេះ ក៏ដូចជាឧបទ្ទវហេតុដោយខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ ជាច្រើនទៀត ហើយលោកក៏បានឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ត្រូវធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ស្ដីអំពីគ្រោះថ្នាក់ និងឧបទ្ទវហេតុផ្សេងៗ ដែលអាចកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានមានសុវត្ថិភាពខ្ពស់បំផុត។

គួរបញ្ជាក់ផងថា ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនេះ ធ្វើពីឈើប្រកស័ង្កី មានទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ ត្រូវបានខូចខាតទាំងស្រុង ព្រមទាំងសម្លៀកបំពាក់ គ្រឿងសង្ហាររឹមសម្ភារប្រើប្រាស់មួយចំនួនធំ និងថវិកា២,០០០,០០០រៀល ដែលមានម្ចាស់ឈ្មោះ ហាន លីម ដែលបណ្តាលមកពីចៅប្រុសបានដុតដោយសារញៀនថ្នាំ។ តាមការញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់ត្រូវបានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង៕