(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ២៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ១៨គ្រឿង និងរថយន្ត ១១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមអ្នកនាំពាក្យ, សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៥១១គ្រឿង ក្នុងនោះមានម៉ូតូ ៣៤៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៦៧គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ផ្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ និងល្មើសសញ្ញាជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៦លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៣នាក់ របួសចំនួន ០៤នាក់ (របួសធ្ងន់ចំនួន ០៣នាក់)។ រយៈពេល ១៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៨លើក បណ្ដាលឱ្យមនុស្សស្លាប់ ៦៥នាក់ របួស ១៤៣នាក់ (របួសធ្ងន់ ១០២នាក់)៕