(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល។ ពិធីនេះ ធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

លោក វ៉ី សំណាង បានលើកឡើងថា ថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំស្រួច បាននាំយកអំណោយសង្គ្រោះបឋម ជូនជនចាស់ជរា និងជនងាយរងគ្រោះ ស្របតាមគោលការណ៍កាកបាទក្រហម មិនទុកនណាម្នាក់ចោលឡើយ។

សម្ភារៈដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ប្រេងឆា១ដប, ទឹកត្រី ទឹកស៉ីអ៉ីវ១យួ, នំធុង១ធុង និងថវិកា២ម៉ឺនរៀល។

ក្នុងនោះលោកអភិបាលខេត្ត បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តពេជ្រនិល អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២០កំប៉ុង, ប្រេងឆា២ដប, ទឹកត្រី ទឹកស៉ីអ៉ីវ២យួ, នំធុង២ធុង និងបច្ច័យ២០ម៉ឺនរៀល៕