(ភ្នំពេញ)៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦នេះ ស្ថានទូតតួកគី ប្រចាំប្រទេសកម្ពុជា បានរៀបចំសន្និសិទ​សារព័ត៌មាន​មួយ ទាក់ទងករណីធ្វើរដ្ឋប្រហារដោយយោធា ដើម្បីទម្លាក់ប្រធានាធិបតី លោក Recep Tayyip Erdogan ចេញពីអំណាច ប៉ុន្តែរដ្ឋប្រហារត្រូវបានបរាជ័យ។

លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតនៃប្រទេសតួកគីប្រចាំប្រទេសកម្ពុជា បានសង្ខេបនូវព្រឹត្តិការណ៍​ទាំង​មូលនៃការធ្វើរដ្ឋប្រហារ​។ ក្នុងនោះ​ លោកឯកអគ្គរដ្ឋទូត​​ ក៏បានរំលេចឲ្យដឹងផងដែរថា នៅក្នុងអំឡុងពេលធ្វើ​រដ្ឋប្រហារនោះ ពុំមានជនជាតិខ្មែរ​ណាម្នាក់រងរបួស ឬស្លាប់ឡើយ ហើយលោកក៏បានថ្លែងអំណរគុណដល់​រដ្ឋាភិបាលកម្ពុជា ដែលបានចេញសេចក្ដីប្រកាសថ្កោលទោស​ ​ចំពោះករណីនេះផងដែរ។

សង្ខេបព្រឹត្តិការណ៍ទូទៅនៃរដ្ឋប្រហារក្នុងប្រទេសតួកគី

រដ្ឋប្រហារនៅប្រទេសតួកគី បានកើតឡើងទាំងកណ្តាលយប់ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦ (ព្រឹកថ្ងៃសៅរ៍ ទី១៦ នៅកម្ពុជា) ដោយយោធាមួយក្រុម បានព្យាយាមទម្លាក់រដ្ឋាភិបាលដែលដឹកនាំដោយប្រធានាធិបតីលោក Recep Tayyip Erdogan ចេញពីអំណាច ប៉ុន្តែគោលបំណងនោះមិនបាន សម្រេចនោះឡើយ ខណៈរដ្ឋាភិបាល និងកងកម្លាំងដែលគាំទ្រខ្លួន បានធ្វើការប្រយុទ្ធប្រឆំាង និងគ្រប់គ្រងស្ថានការណ៍ទូទាំងប្រទេសឡើងវិញ នៅពេលទៀបភ្លឺថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

ប្រការនេះបាននាំឲ្យកម្លាំងកម្លាំងរដ្ឋាភិបាល និងក្រុមធ្វើរដ្ឋប្រហារ សរុបប្រមាណ ២៩០នាក់ បានស្លាប់ ក្នុងចំណោះអ្នកស្លាប់នោះ មានប្រជាជនស្លូតត្រង់ ១៩០នាក់ និងទាហានបះបោរជាង ៦,០០០នាក់ត្រូវបានចាប់ឃុំខ្លួន ខណៈមនុស្សជាង ១៤០០នាក់រងរបួស។ ស្ថានការណ៍ដ៏គួរឲ្យចាប់អារម្មណ៍កាលណោះ គឺគ្រាន់តែមានការចាប់ផ្តើមសកម្មភាពរដ្ឋប្រហារ តាមរយៈការបញ្ជាយន្តហោះចម្បាំង និងរថពាសដែកបម្រុងគ្រប់គ្រង ទីក្រុងអង់ការ៉ា និងអ៉ីស្តង់ប៊ុល ភ្លាមៗប្រធានាធិបតីលោក Erdogan បានធ្វើដំណើរតាមជើងហោះហើរទៅកាន់ ទីក្រុងអ៊ីស្តង់ប៊ុល ហើយបានប្រមែប្រមូលក្រុមអ្នកគាំទ្ររបស់លោក មកជួបជុំនៅទីលានធំកណ្តាលទីក្រុង។

ការជួបប្រជុំនោះ គឺស្ថិតក្នុងអំឡុងពេលស្ថានការណ៍កំពុងក្តៅគគុក ហើយនិងសារព័ត៌មានអន្តរជាតិជាច្រើនបានចុះ ផ្សាយដោយភាពស្រពិចស្រពិល ដោយមិនដឹងថាខាងណាជាអ្នកគ្រប់គ្រងស្ថានការណ៍ឲ្យពិតប្រាកដ។ ខណៈមុននោះ បន្តិច យោធាធ្វើរដ្ឋប្រហារបានលុកលុយស្ថានីយទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយរដ្ឋតួកគី ព្រមទាំងបានបង្ខំ អ្នករាយការណ៍ព័ត៌មាន ធ្វើការផ្សព្វផ្សាយជាសាធារណថា យោធាធ្វើរដ្ឋប្រហារកំពុងគ្រប់គ្រងប្រទេសទាំងមូល ដោយបានទទួលជោគជ័យលើរដ្ឋាភិបាល។

ក៏ប៉ុន្តែប្រធានាធិបតីលោក Erdogan និងនាយករដ្ឋមន្ត្រី តួកគីបានចេញមុខច្រានចោល និងបានប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយអន្តរជាតិតាមប្រព័ន្ធ ទំនាក់ទំនងសង្គម ទៅកាន់ប្រជាជនទូទាំងប្រទេសនឹងសកលលោក ថាស្ថានការណ៍ គ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលតួកគី ហើយលោកនឹងមិនអត់ឱនឲ្យនរណាក៏ដោយដែលធ្វើរដ្ឋប្រហារ ឬគាំទ្រទង្វើដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់តួកគីនោះឡើយ។

បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍ទាំងស្រុងហើយលោក Erdogan បានបង្ហើបពីឈ្មោះដែលនៅពីក្រោយខ្នង ឬអាចថា ជាជនសង្ស័យដែលបំផុស ឲ្យមានរដ្ឋប្រហារនេះឡើង នោះគឺលោក Fethullah Gulen អ្នកប្រាជ្ញអ៊ីស្លាម និងជាអតីត មិត្តភក្តិរបស់លោក Erdogan ដែលកំពុងរស់នៅបែបនិរទេសក្នុងទឹកដីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងថែមទាំងបានទាមទារឲ្យអាមេរិកបញ្ជូនខ្លួនជននេះត្រឡប់មកតួកគីវិញថែមទៀតផង។

ខណៈមកដល់ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ប្រតិបត្តិការបោសសម្អាតក្រុមធ្វើរដ្ឋប្រហារនៅតែបន្តនៅឡើយ ដោយទាហាន និងជនស៊ីវិលសង្ស័យរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយរដ្ឋាភិបាលនៅបានប្រកាសទៀតថា ខ្លួននឹង បង្កើតឲ្យមានច្បាប់កាត់ទោសប្រហារជីវិត ដែលត្រូវបានរំសាយចោលកាលពីឆ្នាំ ២០០៤ នោះឡើងវិញ តបតាមការ ទាមទាររបស់ក្រុមអ្នកគាំទ្ររដ្ឋាភិបាលរ៉ាប់ពាន់នាក់ ចំពោះប្រធានាធិបតីលោក Erdogan៕

សូមទស្សនាសន្និសីទកាសែតរបស់ឯកអគ្គរដ្ឋទូតតួកគី ប្រចាំប្រទេសកម្ពុជា ថ្លែងអំពីការធ្វើរដ្ឋប្រហារនៅប្រទេសតួកគី៖