(បន្ទាយមានជ័យ)៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការផ្នែកសឹករងម៉ាឡៃ បានចាត់តាំងលោកអនុសេនីយ៍ទោ ហ៊ុន រស្មី មេបញ្ជាការរងដឹកនាំកម្លាំងផ្នែកសឹករងម៉ាឡៃ ល្បាតតាមខ្សែបន្ទាត់ព្រំដែន ភូមិសាស្ត្រស្រុកម៉ាឡៃ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ឬបទល្មើសផ្សេងៗ ជាពិសេសការលួចនាំចូលរថយន្តចង្កូតស្ដាំ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានធ្វើការកោតសរសើរដល់កម្លាំង ផ្នែកសឹករងស្រុកម៉ាឡៃ ដែលកន្លងមកបានប្រឹងប្រែងសម្រេចតាមផែនការថ្នាក់លើដាក់ជូន ជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះ ផ្នែកសឹករងស្រុកម៉ាឡៃ បានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។

បើទោះបីជាកងកម្លាំងស្ថិតក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវក៏ដោយ ក៏កម្លាំងនៅក្នុងអង្គភាព នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់បន្ថែមដល់កងកម្លាំងធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព តាមផែនការ និងបទបញ្ជារបស់ថ្នាក់លើ។

លោកមេបញ្ជាការ បានធ្វើការផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់របស់ផ្នែកសឹករងប៉ោយប៉ែត ឲ្យបង្កើនការផ្សព្វផ្សាយ និងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់សម្ដេចតេជោ ៣ការពារ ៣កុំ និងធ្វើការគ្រប់គ្រងកម្លាំងឲ្យបានល្អ ដើម្បីធានាបានការដោះស្រាយបញ្ហាយថាហេតុណាមួយកើតឡើង៕