(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល ជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងបរិវេណសាលាបឋមសិក្សាបឹងបាសាក់ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម។

បើតាម លោក សៅ សំបូ អនុប្រធានសមាគមនិស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន ២៩នាក់ ផ្នែកពិនិត្យជំងឺទូទៅ ១៨នាក់, ផ្នែកពិនិត្យ និងដកធ្មេញ ៨នាក់, ផ្នែកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់, បន្ថែមក្រុមសម្របសម្រួលការងាររបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម ចំនួន៥នាក់។

រីឯកម្មវិធី នៃការផ្តល់សេវា គឺមានពិនិត្យពិគ្រោះ និងព្យាបាលជំងឺទូទៅមនុស្សចាស់ និងកុមារ, ពិនិត្យ ពិគ្រោះជំងឺធ្មេញ ពិសេសដកធ្មេញ, ចាក់វ៉ាក់សាំងការពារកូវីដ១៩ដូសជំរុញគឺចាប់ពីដូសទី៣។ ចំពោះពេលវេលានៃការពិនិត្យ ពិគ្រោះជំងឺគឺចាប់ពីម៉ោង ០៨៖៤៥នាទី រហូតដល់ម៉ោង២រសៀល។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា ការចុះព្យាបាលជំងឺជូនព្រះសង្ឃ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺក្រុមគ្រូពេទ្យសុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ទៅតាមប្រភេទជំងឺដែលត្រូវផ្ដល់សេវា ដោយឥតគិតថ្លៃជូនក្នុងពេលនេះ។

លោកអភិបាលខេត្ត បានអះអាងថា សុខភាព គឺជាបញ្ហាមួយដែលប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ ថែទាំជាប្រចាំ ពោលប្រសិនបើសុខភាពល្អ គឺជាការបង្កើនទ្រព្យ ប៉ុន្តែប្រសិនបើសុខភាពមិនល្អ វាគឺជាការបំផ្លាញទ្រព្យទៅវិញ។ ដូច្នេះសូមថែទាំសុខភាពឲ្យបានល្អ បើមានជំងឺល្មមៗប្រញាប់មក ពិនិត្យពិគ្រោះយោបល់ ឲ្យគ្រូពេទ្យព្យាបាលឲ្យបានទាន់ពេលវេលា ពីព្រោះឱកាសនេះ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថាមានជំងឺធ្ងន់ធ្ងរ គឺអាចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឥតគិតថ្លៃផងដែរ៕