(កោះកុង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើថា កត្តាសុខសន្តិភាពពេញលេញរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសគ្រប់គ្រាន់ក្នុងកិច្ចការគាំពារ និងអភិរក្សធនធានធម្មជាតិ។
ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលើថ្លែងមុនបើកយុទ្ធនាការអន្ទាក់សូន្យលើកទី២ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជារបស់យើង បើគិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជារបស់យើងមានសុខសន្តិភាពជាង២៤ឆ្នាំមកហើយ ក្រោមដំបូលនៃសុខសន្តិភាពនេះបានអនុញ្ញាតឱ្យយើងមានពេលវេលា ធនធានគ្រប់គ្រាន់ដើម្បីគិតគូរពីប្រទេសជាតិរបស់យើង ដោយសារកត្តាសុខសន្តិភាពនេះហើយដែលយើងអាចធ្វើអ្វីៗបាន ពីព្រោះថាយើងមិនអាចគិតគូរអំពីការអភិរក្សព្រៃឈើ ធនធានធម្មជាតិ សត្វព្រៃ នៅពេលដែលយើងកំពុងតែមានសង្គ្រាមទេ។ យើងក៏មិនអាចអភិវឌ្ឍន៍ប្រទេសយើងបាននៅក្រោមគ្រាប់កាំភ្លើងដែរ...!»។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដោយសារតែកត្តាសុខសន្តិភាពនេះហើយទើបអាចអាចគិតគូរលើការអភិវឌ្ឍប្រទេសជាតិ និងអភិរក្សធនធានធម្មជាតិ។ កាលពីសម័យសង្គ្រាមប្រជាពលរដ្ឋចូលព្រៃ ដើម្បីតស៊ូ ហើយប្រើប្រាស់ព្រៃជាជម្រកនៃការប្រយុទ្ធគ្នា ហើយប្រើប្រាស់ធនធានធម្មជាតិជាមូលដ្ឋានគាំទ្រយ៉ាងសំខាន់ក្នុងការតស៊ូប្រឆាំងគ្នា។
មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ជាង២៤ឆ្នាំនៃសុខសន្តិភាព កម្ពុជា បានលុបបំបាត់បទល្មើសបំផ្លាញធនធានធម្មជាតិខ្នាតធំ ហើយម៉ាស៉ីនអារឈើធំៗនៅក្នុងព្រៃ គឺលែងមានទៀតហើយ។ ប៉ុន្តែ នៅមានបទល្មើសខ្នាតតូចដែលប្រើប្រាស់រូបភាពតូចៗ ប៉ុន្តែ មន្ត្រីជំនាញនៅតែខិតខំធ្វើយ៉ាងបង្ក្រាបបទល្មើសតូចៗនេះឱ្យអស់។
លោក នេត្រ ភក្រ្តា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អង្គការដៃគូ បានខិតខំប្រឹងប្រែងនៅក្នុងការការពារដោយការអនុវត្តន៍ច្បាប់ គឺជាផ្នែកមួយ ដើម្បីការពារព្រៃ ហើយបើការពារព្រៃបាន និងមានប្រយោជន៍ទៅដល់ការលក់ឥណទានកាបូន។ លោកក៏បានរំលេចឡើងវិញពីអតីតកាល គឺកម្ពុជាកាប់ឈើលក់យកលុយ ប៉ុន្តែ សម័យសន្តិភាពនេះ គឺជាតំណាក់កាលកម្ពុជាបានឈានមកដល់កម្រិតថ្មីការថែរក្សាព្រៃឈើឈរដើម្បីរកចំណូលពីការលក់ឥណទានកាបូន។
ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ខេត្តកោះកុង ទទួលបានការអនុវត្តន៍គម្រោងរ៉េដបូក ជួរភ្នំក្រវាញខាងត្បូង ដែលស្ថិតនៅក្នុងគម្រោង៣ នៃគម្រោងដែលកម្ពុជាបានលក់ ខណៈគម្រោងទាំង៣នេះរួមមាន៖ កែវសីមា, គម្រោងព្រៃឡង់ និងគម្រោងជួរភ្នំក្រវាញខាង្បូង។ កម្ពុជា មានមហិច្ចតា ពង្រីកផ្ទៃដីលក់ឥណទានកាបូន ឱ្យបាន២.៤លានហិកតា ខណៈបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីជាង ១.៤លានហិកតា ត្រូវបានលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។
ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍មូលដ្ឋាន។
«នេះគឺជារបត់ថ្មីដ៏សំខាន់មួយ កម្ពុជាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន បាននឹងកំពុងលុបបំបាត់ទស្សនថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»៕