(ភ្នំពេញ)៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារលិខិតជូនពររូបលោក ក្នុងឱកាសថ្ងៃចម្រើនអាយុ។

ក្នុងសារលិខិតនេះ លោក យឹម ឆៃលី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ មានបីតិសោមនស្សរីករាយក្រៃលែង និងមានកិត្តិយស ដ៏ឧត្តុង្គឧត្តម ដោយបានទទួលនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរូបខ្ញុំបាទ ព្រមទាំងសព្ទសាធុការ ពរជ័យសិរីសួស្តីពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយអត្ថន័យ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសថ្ងៃចម្រើនអាយុវឌ្ឍនមង្គលរបស់ខ្ញុំបាទ»។

លោក យឹម ឆៃលី សូមគោរពដឹងគុណប្រកបដោយកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែជាមគ្គុទេសក៍ដ៏ឈ្លាសវៃ គាំទ្រ និងផ្ដល់អនុសាសន៍ដ៏ល្អៗ ដល់លោកក្នុងការបំពេញភារកិច្ចជូនជាតិជារៀងរហូតមក។

ឆ្លៀតក្នុងឱកាសនេះ លោក យឹម ឆៃលី និងភរិយា សូមលើកដៃប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមបីបាច់ ថែក្សា ប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕