(រតនគិរី)៖ លោក ឃុំ សាខន ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបរកែវ និងលោក ហេង ប៊ុន្នី អនុប្រធានបក្ស និងជាអភិបាលស្រុកបរកែវ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានរៀបចំពិធីទទួលសមាជិក-សមាជិកា របស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៥៣នាក់ ដែលសុំចូលជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នាទីស្នាក់ការបក្ស ក្នុងស្រុកបរកែវ ខេត្តរតនគិរី។
ក្នុងឱកាសដ៏ល្អខាងលើនេះ លោក ហេង ប៊ុន្នី បានឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក-សមាជិកា ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ ពោលគឺរួមរស់ជាមួយគ្នា ដោយមិនរត់ចោលស្រុករួចខ្លួននោះទេ។
ក្នុងពិធីសុំចូលរួមរស់ជីវភាពនេះដែរ អតីតសមាជិកគណបក្សសង្គ្រោះជាតិ បានត្អូញត្អែនិងបង្ហាញការអស់ជំនឿទៅលើថ្នាក់ដឹកនាំ CNRP យ៉ាងខ្លាំងដែលកន្លងមក តែងតែភូតកុហក បោកប្រាស់ បក្ខពួកនិយម មិនគិតពីសុខទុក្ខ សមាជិក នៅខាងក្រោមនោះឡើយ។ អតីតអ្នកគាំទ្របក្សប្រឆាំងទាំងនេះ បានបន្តទៀតថា ថ្នាក់ដឹកនាំខាងលើ បានតែសន្យាខ្យល់ តែធាតុពិតមិនដែលធ្វើសកម្មភាពជាក់ស្តែងទាល់តែសោះ មិនដូចគណបក្សប្រជាជនកម្ពុជា ដែលហ៊ានសន្យាហើយហ៊ានធ្វើនោះឡើយ។
ក្នុងពិធីទទួលអតីតសមាជិក CNRP ទាំង៥៣នាក់ខាងលើ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ស្រុកបរកែវ លោក ហេង ប៊ុន្នី បានថ្លែងអំណរគុណដល់ពួកគាត់ ដែលវិលត្រឡប់មកដើរផ្លូវត្រូវ និងបានជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់ពួកគាត់ ដើម្បីសម្ដែងនូវការយកចិត្តទុកដាក់ និងញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ថែមទៀត៕