(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ ឆ្នាំ២០១៦ នាថ្មីៗនេះ ក្រសួងទេសចរណ៍ បានប្រគល់វិញ្ញាបនបត្រដល់ មគ្គុទេសក៍ ដែលទើបបញ្ចប់ការបណ្តុះបណ្តាលចំនួន៤៦នាក់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ។ ជាមួយគ្នានេះក្រសួងទេសចរណ៍ក៏បានប្រគល់ ឯកសារមួយចំនួន ជូនដល់សមាគមមគ្គុទ្ទេសក៍ទេសចរផងដែរ។
សន្និបាតរបស់ក្រសួងទេសចរណ៍ ត្រូវបានបើកដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងចូលរួមបិទដោយលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រគល់ជូនឯកសារអាជ្ញាបណ្ណមួយចំនួនដល់ សមាគមទេសចរណ៍ ដែលមានតំណាង ដោយ លោក លូ ម៉េង សហប្រធាននៃក្រុមការងារឯកជនក្នុងវិស័យទេសចរណ៍ ក្នុងនោះមាន ៖ ១.ប្រព័ន្ធចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍ តាមប្រព័ន្ធអនឡាញ និងប្រព័ន្ធផ្ដល់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍តាម ប្រព័ន្ធអនឡាញ ២.ស្ដង់ដា សណ្ឋាគារបៃតងកម្ពុជា ៣.ស្ដង់ដាផ្ទះស្នាក់កម្ពុជា ៤.ស្ដង់ដា MICE កម្ពុជា ៥.ប្រព័ន្ធ ចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន ទេសចរណ៍កម្ពុជា ៦.ស្ដង់ដាមណ្ឌលព័ត៌មានទេស ចរណ៍កម្ពុជា ៧.ស្ដង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ៨.ស្ដង់ដាបង្គន់សាធារណៈកម្ពុជា ៩.សៀវភៅស ស្ដីពី “China Ready” សម្រាប់ទេសចរណ៍កម្ពុជា និងប្រព័ន្ធវាយតម្លៃបញ្ជាក់កម្រិត គុណភាព សេវាកម្ម ទេសចរណ៍សម្រាប់ទីផ្សារទេសចរចិន (Cambodia China Ready Accreditation)។
សូមជំរាបថា នៅក្នុងសន្និបាតនោះ ក្រសួងទេសចរណ៍ក៏ប្រគល់ឯកសារ ២គឺ៖ ១.ប្រព័ន្ធត្រួតពិនិត្យមគ្គុទ្ទេសក៍ទេសចរណ៍តាមប្រព័ន្ធ អនឡាញ និង២.ក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ធ្វើការណែនាំ ផ្សព្វផ្សាយពង្រឹង ក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងពេលបំពេញមុខងារជាពិសេស មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលនាំឱ្យ ប៉ះពាល់ដល់ក្រមប្រតិបត្តិក្នុងនាមខ្លួន ជាមគ្គុទ្ទេសក៍ទេសចរណ៍៕