(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក។

ការចែកអំណោយជូនពលរដ្ឋ៣៥០គ្រួសារនោះធ្វើឡើង២ទីតាំង៖ ទីតាំងទី១ ស្រុកតំបែរ នៅបរិវេណសាលាបុណ្យ (ភូមិផ្អាវ) មាន១៥០គ្រួសារ និងទីតាំងទី២ ស្រុកពញាក្រែក នៅបរិវេណសាលាបឋមសិក្សាស្ពានជ្រៃ មាន២០០គ្រួសារ។

លោក ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្ដេចមិនបានអញ្ជើញមកដោយផ្ទាល់ តែលោកតែងតែមានក្តីនឹករលឹកគិតគូរពីសុខទុក្ខជាប្រចាំចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក ទាំងពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍នាំយកនូវអំណោយសង្រ្គោះបន្ទាន់ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: និន្នាការនយោបាយ និងសាសនាអ្វីឡើយ តាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និង «មិនទុកនរណាម្នាក់ចោល»

ជាមួយគ្នានោះ លោកបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ សូមលើកកម្ពស់ការថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ជាពិសេសក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួលក្តៅត្រជាក់នេះអាចនឹងបង្កឱ្យកើតមានជំងឺតម្កាត់ផ្សេងៗទៀត។

បើតាមលោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ គូសបញ្ជាក់ថា អំណោយដែលប្រគល់ជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតនៅស្រុកតំបែរ និងស្រុកពញាក្រែកចំនួន៣៥០គ្រួសារ ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ១យួរ ទឹកត្រីយួរ ទឹកស៊ីអ៉ីវ១យួរ មី១កេស និងថវិកាមួយចំនួនផងដែរ៕