(ពោធិ៍សាត់)៖ ដើម្បីរក្សាបាននូវទំនៀមទំលាប់ប្រពៃណី របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋ តែងនាំគ្នាប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មិនដែលអាក់ខានឡើយ នៅបូជនីយដ្ឋានលោកឧកញ៉ា ដែលមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីទីរួមខេត្ត ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ការប្រារព្ធពិធីនេះ ធ្វើឡើងក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងបន់ស្រន់សុំទឹកភ្លៀងសម្រាប់ធ្វើស្រែវស្សា ជាពិសេសឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខឱ្យទទួលបានជោគជ័យ។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃអង្គារ-ពុធ ១២-១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នារសៀលថ្ងៃទី១៦ ខែឧសភានេះ មានរៀបចំសែនក្រុងពាលី ប្រារព្វបទនមសិកា សមាទានសីល ចម្រើនព្រះបរិត្ត ពិធីអភិសេករូបសំណាក លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, ពេលរាត្រីមានថ្វាយកាំជ្រួច, ភ្ញីទៀន, សម្តែងគុណល្បុក្កតោ និងមានល្ខោនបាសាក់ទស្សនាកំសាន្តផងដែរ។ លុះព្រឹកស្អែក ថ្ងៃទី១៧ ខែឆ្នាំដដែល វេរភត្តាហារ បង្សកូលឧទ្ទិសបុណ្យ និមន្តព្រះសង្ឃទទួលចង្ហាន់បិណ្ឌបាត្រ ពិធីសែនឡើងរោង ពិធីវន្ទាអាវុធ ព្រះសង្ឃបង្សកូល បំពាក់កំរ៉ងផ្កា និងស្រោចទឹកផ្នូរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។

សូមជម្រាបជូនថា បើតាមឯកសារប្រវត្តិសាស្រ្តនៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ បានបញ្ជាក់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមការគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះទើបធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា។ ជាក់ស្តែងឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ​ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ​មិន​ដែលអាក់​ខានឡើយ នោះគឺ​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ​ក្លាហាន ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និងសុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផងដែរ៕