(ឥណ្ឌូនេស៉ី)៖ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានបន្ដជួបពិភាក្សាការងារជាមួយបណ្ដាអង្គទូត និងឥស្សរជន នៅទីក្រុងហ្សាការតា។
ពេញមួយថ្ងៃទី១៦ ខែឧសភា ភ្ញៀវដែលបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារដោយលោកបណ្ឌិត កៅ គឹមហួន នោះរួមមាន៖
*ទី១៖ លោក Charles Chia នាយកប្រតិបត្តិមូលនិធិហុងកុង-អាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើវិស័យនានាដែលអាចសហការគ្នាបាន ដូចជា វិស័យអប់រំ និងយុវជន វប្បធម៌ និងសិល្បៈ និងវិស័យផ្សេងៗទៀត ដែលអាចចូលរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនអាស៊ាន និងចិន។
*ទី២៖ លោក Ahmed Jamal Khan តំណាងថ្នាក់តំបន់អាស៊ីខាងត្បូង និងអាស៊ីបូព៌ា នៃមូលនិធិ Bill and Melinda Gates ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានរិះរកលទ្ធភាពក្នុងការធ្វើការរួមគ្នាលើវិស័យមួយចំនួន ដូចជា សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គម និងវិស័យផ្សេងៗទៀត ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាជនក្នុងតំបន់ និងពិភពលោក។
*ទី៣៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិសាបាយការងារថ្ងៃត្រង់ជាមួយលោកស្រី Vicky Singmin ឯកអគ្គរាជទូតកាណាដាប្រចាំអាស៊ាន។ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិដោយស្មោះត្រង់ លើវិស័យជាច្រើន នៅក្រោមភាពជាដៃគូអាស៊ាន-កាណាដា ជាពិសេសធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងភាពជាដៃគូនេះ ឲ្យកាន់តែប្រសើរថែមទៀត។
*ទី៤៖ លោក Jukka-Pekka Kaihilahti ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសាធារណរដ្ឋហ្វាំងឡង់ប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបាន ផ្លាស់ប្តូរទស្សនៈរិះរកវិធី ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងហ្វាំងឡង់ ហើយទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងវិស័យពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ និងទេសចរណ៍ជាដើម។
*ទី៥៖ លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក Will Nankervis ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ដើម្បីពិភាក្សាលើវឌ្ឍនភាពចុងក្រោយ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី។
*ទី៦៖ លោកបណ្ឌិត កៅ គឹមហួន បានចូលរួមពិសាបាយការងារពេលល្ងាច ជាមួយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំអាស៊ាន ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយនៅក្នុងទំនាក់ទំនងអាស៊ាន-ចិន និងបញ្ហានានានៅក្នុងតំបន់៕