Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារលោក ស សុខា បញ្ចប់ការ​ចុះចែករំលែក​បទពិសោធន៍ ដល់បេក្ខជន​ត្រៀមប្រឡង​បាក់ឌុប នៅស្រុកពារាំង

18-07-2016 14:02

(ព្រៃវែង)៖ ក្រុមការងាររបស់លោក ស សុខា តំណាងរាស្រ្ដមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានបន្តយុទ្ធនាការ ចុះចែករំលែកបទពិសោធន៍ការសិក្សា ដល់សិស្សានុសិស្ស នៃវិទ្យាល័យក្នុងស្រុកពារាំង នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលនេះជាយុទ្ធនាការចុងក្រោយរបស់ក្រុមការងារ។

ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងជា២ផ្នែក គឺទី១ផ្នែកវិទ្យាសាស្ដ្រសង្គម ២ផ្នែកវិទ្យាសាស្រ្ដពិត និងបង្ហាញពីប្រការគួរប្រុងប្រយ័ត្នមុនពេលប្រឡង ព្រមទាំងប្រការគួរធ្វើ និងមិនគួរធ្វើក្នុងពេលប្រឡង។

ក្រុមការងារបានបញ្ជាក់ថា យុទ្ធនាការនេះ បានធ្វើទូទាំងខេត្តព្រៃវែង ឲ្យបានចប់មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខាងមុខនេះ ហើយយុទ្ធនាការនេះ ក្រុមការងារបានរៀបចំវគ្គបំប៉ន (រៀនគួរ) មុខវិជ្ជាលំហាត់សំខាន់ៗ រយៈពេល៤ខែមុនការប្រឡងមកដល់ផងដែរ។

ក្រុមការងារបានបន្ដថា បេសកកម្មនេះ គណបក្សប្រជាជនកម្ពុជា ពុំបានគិតអំពីនិន្នាការនយោបាយបន្តិចណាឡើយ គឺធ្វើដើម្បីយុវជនខ្មែរទាំងអស់គ្នា ក្នុងបំណងចង់ឲ្យប្អូនៗជាប់បាក់ឌុប និងរៀនបន្ត ទៅឧត្ដមសិក្សាឲ្យបានកាន់តែច្រើន។

ក្នុងនោះដែរ ក្រោមការណែនាំពីលោក ស សុខា ក្រុមការងារក៏បានប្រកាស ផ្ដល់រង្វាន់ម៉ូតូ១គ្រឿង ដល់ប្អូនៗណា ដែលប្រឡងជាប់បាននិទ្ទេសA និងបែបបទស្នើសុំអាហារូបករណ៍ពីលោក ស សុខា ផ្ទាល់ផងដែរ។ ជាចុងក្រោយ ក្រុមការងារក៏បានផ្ដាំផ្ញើរ និងជូនពរ ឲ្យប្អូនសិស្សានុសិស្ស ខិតខំប្រឹងប្រែង ក្នុងការយកចិត្តទុកដាក់រៀនសូត្រ ដើម្បីប្រឡងឲ្យលទ្ធផលល្អគ្រប់ៗគ្នា៕