(ភ្នំពេញ)៖ ទាំងសហជីពមាននិន្នាការគាំទ្ររាជរដ្ឋាភិបាល និងសហជីព មានជំហរមិនមាននិន្នាការនយោបាយសុទ្ធតែបានសម្តែងការសោកស្តាយដូចគ្នា ចំពោះសំណើរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលចង់ឲ្យសហគមន៍អឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់របស់កម្ពុជា។ ក្រុមសហជីពបានថ្លែងថា ការបិទទីផ្សារសម្លៀកបំពាក់នេះ មិនមែនធ្វើឲ្យថៅកែរោងចក្រស្លាប់នោះទេ តែនឹងធ្វើឲ្យប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ជួបបញ្ហាជីវភាព និងផលលំបាកមុនគេ។
នៅក្នុងបទអន្តរាគមន៍ជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលជាថ្ងៃសភាអឺរ៉ុបនិយាយពីបញ្ហាជំនួយមកកាន់កម្ពុជានោះ លោក សម រង្ស៊ី បានបង្ហាញបំណងចង់ឲ្យសភាអឺរ៉ុប យកបញ្ហាទីផ្សារសម្លៀកបំពាក់របស់កម្ពុជា ធ្វើជាគំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយនៅកម្ពុជា។
លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ មិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថា បើសភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ។
ប្រមុខបក្សប្រឆាំងបានលើកឡើងទៀតថា បើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់។ លោកបន្តថា ឈ្មួញធំៗទាំងអស់នោះហើយ ដែលសូកលុយមួយចំណែកធំទៅឲ្យគណបក្សកាន់អំណាច។
ប្រធានសហព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ដែលជាសហជីពមិនមាននិន្នាការនយោបាយនោះ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះថា សំណើបិទទីផ្សារសម្លៀកបំពាក់នៅសហភាពអឺរ៉ុប នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យកាត់ដេរនៅកម្ពុជា ហើយក៏ជាការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិផងដែរ ព្រោះវិស័យកាត់ដេរគឺជាឆ្អឺងខ្នងសេដ្ឋកិច្ចដ៏សំខាន់ មួយនៅកម្ពុជា។
លោក ប៉ា ស៊ីណា បន្តថា ការបិទទីផ្សារសម្លៀកបំពាក់នៅសហភាពអឺរ៉ុប នឹងមិនឲ្យប៉ះពាល់ដល់ថៅកែរោងចក្រនោះទេ តែអ្នកប៉ះពាល់ខ្លាំងជាងគេ គឺជាកម្មករកាត់ដេរ។
មិនខុសពីលោក ប៉ាវ ស៊ីណា លោក សោម អូន ប្រធានសហជីពជាតិកម្ពុជា ដែលសហជីពមាននិន្នាការគាំទ្ររាជរដ្ឋាភិបាល បានបង្ហាញការភ្ញាក់ផ្អើល និងខកចិត្តផងដែរ ចំពោះសំណើរបស់ប្រធានបក្សប្រឆាំងនៅកម្ពុជា។ លោកបន្តថា ការបិទទីផ្សារសម្លៀកបំពាក់នៅអឺរ៉ុប ក្រុមថៅកែរោងចក្រមិនខ្វល់នោះឡើយ ហើយគេនឹងបង្វែរទិសដៅវិនិយោគទៅកាន់ប្រទេសដទៃជាមិនខាន។
លោក សោម អូន បានបញ្ជាក់ថា ការស្នើឲ្យសហគមន៍អឺរ៉ុបបិទទីផ្សារ គឺជាវិធីមួយធ្វើឲ្យកម្មនអត់ការងារធ្វើ និងធ្វើឲ្យប្រជាពលរដ្ឋ មានការលំបាក។ លោកបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ដែលមានកូនចៅធ្វើការនៅក្នុងរោងចក្រសហគ្រាសជាង ៨០ម៉ឺននាក់ នេះសម្រាប់តែវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
បើតាមលោក សោម អូន វិស័យកាត់ដេរនេះ ក្រៅពីផ្តល់ការងារដោយផ្ទាល់ទៅឲ្យកូនចៅប្រជាពលរដ្ឋខ្មែរហើយ វាក៏ជួយផ្តល់ការងារជូន ប្រជាពលរដ្ឋដទៃទៀត ដូចជាអ្នករត់រថយន្តឈ្នួលជាដើម ដែលសុទ្ធតែអាចទាញចំណូលច្រើនសម្រាប់ជីវភាព។ លោក សោម អូន បានឲ្យដឹងផងដែរថា វិស័យកាត់ដេរនាំចេញទៅកាន់ សហភាពអឺរ៉ុបមានប្រមាណ ៤៥ភាគរយ សហរដ្ឋអាមេរិកប្រមាណ ៣៥ភាគរយ ហើយកាណាដា ១០ភាគរយ និង ជប៉ុន ១០ភាគរយ។
របាយការណ៍សហភាពអឺរ៉ុបស្តីពីពាណិជ្ជកម្ម សភាពអឺរ៉ុប-កម្ពុជា បានឲ្យដឹងថា កម្ពុជា-អឺរ៉ុប ផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៤,៥៥១លានអឺរ៉ូ ឬ ៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ កន្លងទៅក្នុងនោះ សម្លៀកបំពាក់ដែលកម្ពុជា នាំចេញមានទំហំជាទឹកប្រាក់ប្រមាណ ២,៩៦២លាន អឺរ៉ូ ឬ ៣.២ពាន់លានដុល្លារអាមេរិក។
លោកប្រធានសហជីពរូបនេះ បានបញ្ជាក់ដូច្នេះ «ខ្ញុំមានការភ្ញាក់ផ្អើល ហើយយើងមានការសោកស្តាយ ចំពោះលោក សម រង្ស៊ី ក្នុងនាមគាត់ជាជនជាតិខ្មែរម្នាក់ ហើយគាត់អត់បានគិតគូរទៅដល់បញ្ហាផលប្រយោជន៍ជាតិ។ ខ្ញុំគិតថា ការឲ្យសហភាពអឺរ៉ុបបិទទីផ្សារសម្លៀកបំពាក់ជាវិធីមួយធ្វើឲ្យកម្មករអត់ការងារធ្វើ និងធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាក»។
លោក សោម អូន ក៏បានស្នើឲ្យលោក សម រង្ស៊ី កុំយកកម្មករប្រជាពលរដ្ឋ និងជាតិ ធ្វើជាចំណាប់ខ្មាំង ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនគឺសូមឲ្យគិតបញ្ហាជាតិជារួម។ លោក បានបញ្ជាក់ដូច្នេះ «អីចឹងខ្ញុំសូមឲ្យលោក សម រង្ស៊ី កុំយកបញ្ហានយោបាយ និងរឿងផ្ទាល់ខ្លួនជាធំ សូមឲ្យគាត់គិតពីបញ្ហាប្រទេសជាតិ អ្វីដែលគាត់និយាយនេះ វានឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ និងកម្មករយើង និងធ្វើឲ្យសេដ្ឋកិច្ចជាតិយើងជួបបញ្ហា។ តាមខ្ញុំសង្កេតឃើញគណបក្សប្រឆាំង នៅពេលគាត់ប្រព្រឹត្តកំហុសហើយ គាត់ទ័លច្រក គាត់តែងយកប្រជាពលរដ្ឋ យកកម្មករ និងយកប្រទេសជាតិទាំងមូលជាចំណាប់ខ្មាំង ដើម្បីដាក់លក្ខខណ្ឌសម្រាប់ប្រយោជន៍ខ្លួនគាត់ គាត់មិនត្រូវយកប្រទេសជាតិទាំងមូលធ្វើជាលក្ខខណ្ឌសម្រាប់ខ្លួនគាត់ទេ»។
មិនខុសពីលោក សោម អូន ប៉ុន្មានដែរ លោក ប៉ាវ ស៊ីណា បានស្នើឲ្យអ្នកនយោបាយត្រូវចេះជួបដោះស្រាយបញ្ហានយោបាយប្រទេស ជាតិ ដោយការចរចាគ្នា នឹងមិនត្រូវយកបរទេសមកដាក់សម្ពាធលើប្រទេសជាតិរបស់ខ្លួននោះឡើយ ពោលគឺត្រូវតម្កល់ប្រយោជន៍ជាតិជាធំ។ លោកបញ្ជាក់ដូច្នេះ «ខ្ញុំយល់ថា វិបត្តិនយោបាយ គួរដោះស្រាយគ្នា ក្នុងនាមជាពូជសាសន៍តែមួយ ឈរលើគោលការណ៍ជាតិ ប្រយោជន៍ជាតិ ការដែលស្នើឲ្យសហភាពអឺរ៉ុប បិទការនាំចេញសម្លៀកបំពាក់ ទៅកាន់ទីផ្សារអឺរ៉ុប វានឹងធ្វើឲ្យប៉ះពាល់ដល់កម្មករខ្មែរជាង ៨០ម៉ឺននាក់ និងអ្នកទទួលផលដោយប្រយ៉ោលពីវិស័យមួយនេះ ប្រមាណជាង៣លាននាក់ទៀត»។
បើទោះបីជាយ៉ាងណាទាំងលោក ប៉ាវ ស៊ីណា និងលោក សោម អូន យល់ថា សហភាពអឺរ៉ុប នឹងគិតគូរពិចារណាឲ្យបានល្អិតល្អន់ទៅលើសំណើរបស់លោក សម រង្ស៊ី។ ប្រធានសហជីពទាំងពីររូបជឿថា សហភាពអឺរ៉ុប នឹងគិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរជា ធំ៕