(ភ្នំពេញ)៖ តំណាងគ.ជ.បកម្ពុជា ដឹកនាំដោយ លោក ឌឹម សុវណ្ណរុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន នឹងចូលរួមក្នុងសិក្ខាសាលាអន្តរជាតិស្ដីពី «បែបបទនៃការបោះឆ្នោត ដើម្បីសម្រួល ការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត» នៅប្រទេសបារាំង នៅចុងសប្តាហ៍នេះ។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជួបសវនាការជាមួយប្រតិភូសភានិយាយភាសាបារាំង ដឹកនាំដោយ លោក Christophe André-FRASSA សមាជិកព្រឹទ្ធសភាបារាំង (APF) និងជាប្រធាន គណៈកម្មការនយោបាយនៃសភានិយាយភាសាបារាំង។ បន្ទាប់មក APF បានដើរតួនាទីជាអ្នកជួយសម្របសម្រួលការងារជាមួយ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការ បោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដើម្បី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យមើល លទ្ធភាពចូលជាសមាជិកនៃ RECEF។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក Thanor Thiendella Sidy Fall ប្រធាន RECEF និងជាអគ្គនាយករៀបចំការបោះឆ្នោតនៃប្រទេសសេណេហ្គាល់ និងលោកស្រី Catherine Lagacé អគ្គលេខាធិការ RECEF និងជាអគ្គលេខាធិការរៀបចំការបោះឆ្នោត Quebec បានផ្ញើលិខិតអញ្ជើញរួមគ្នាទៅកាន់ លោក ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ដើម្បីអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិ ស្តីពីបែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត និង មហាសន្និបាតប្រចាំឆ្នាំ RECEF នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។ RECEF ក៏បានអញ្ជើញ គ.ជ.ប ឱ្យចូលរួមជាសមាជិកសកម្មនៃបណ្តាញនេះផងដែរ។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងតំណាង លោក ឌឹម សុវណ្ណ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន ចូលរួមក្នុងព្រឹត្តិការណ៍នេះ។ នៅថ្ងៃចេញដំណើរ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីសៀល លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នឹងផ្តល់ព័ត៌មានលម្អិត៕