(ព្រះវិហារ)៖ កំណាត់ផ្លូវខេត្តលេខ 2PVH4 ប្រវែងជាង៣០គីឡូម៉ែត្រ ដែលផ្លូវជាយុទ្ធសាស្ត្រក្រវាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តព្រះវិហារ ជួសជុលថែទាំឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការខេត្តព្រះវិហារ បានបន្តជួសជុលថែទាំលើកំណាត់ផ្លូវខេត្តលេខ 2PVH៤4 ប្រវែង៣២គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្វាយជ្រុំ ដល់ជើងភ្នំអានសេះដោយថែមដីល្បាយថ្ម កៀរសម្រួល ស្រោចទឹក កិនបង្ហាប់ជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា កំណាត់ផ្លូវខេត្តមួយនេះ គឺជាប្រភេទផ្លូវក្រាលក្រួសក្រហមតាមផ្លូវក្រវាត់ព្រំដែនកម្ពុជា-ថៃ ជាផ្លូវដែលមានសារសំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ពិសេសជាផ្លូវយុទ្ធសាស្ត្រ និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋដឹកជញ្ជូនកសិផលនានា ទៅលក់នៅច្រកព្រំដែនអានសេះ។
លោក សំ លាងទ្រី បានថ្លែងទៀតថា ដោយអនុវត្តតាមការណែនាំរបស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការខេត្តបានតែងតែជួសជុលថែទាំផ្លូវថ្នល់ មិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកបន្តថា នៅដើមខែមិថុនាខាងមុខនេះ មន្ទីរសាធារណការខេត្តព្រះវិហារ នឹងបើកការដ្ឋានជួសជុលពង្រីកផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រស្រុករវៀង ស្ថិតក្នុងទីប្រជុំជនភូមិភ្នំដែក ឃុំរមណីយ។
លោកប្រធានមន្ទីរ ក៏អំពាវនាវដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងទីតាំងអាជីវកម្មដែលស្ថិតតាមទីតាំងការដ្ឋានជួសជុលពង្រីកផ្លូវខាងលើនេះ សូមចូលរួមសហការរុះរើសំណង់ផ្សេងៗដែលបានសង់លើដីចំណីផ្លូវឱ្យបានរួសរាន់ មុនពេលថ្ងៃបើកការដ្ឋានមកដល់៕