(ភ្នំពេញ)៖ មន្ត្រីយោធា និងជាឈ្មួញរកស៊ីឈើប្រណីត ដ៏ធំមួយរូបប្រចាំនៅខេត្តកំពង់ស្ពឺ ដើម្បីនាំចេញទៅ ប្រទេសវៀតណាម ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៦ កន្លងទៅនេះ ដោយសារតែរថយន្តធុនធ្ងន់ ដឹកឈើរបស់គេបើក ធ្វើអោយបាក់ស្ពាន នៅខេត្តកំពតនោះ ឥឡូវត្រូវបានគេដោះលែងវិញហើយ។
ប្រភពព័ត៏មានពីខេត្តកំពង់ស្ពឺ បានបង្ហើបអោយដឹងថា ម្សិលមិញនេះគេបានឃើញមុខមន្ត្រីយោធា និងជាឈ្មួញឈើប្រណីតដ៏ល្បី ប្រចាំខេត្តកំពង់ស្ពឺឈ្មោះជឿង ថេង វិលត្រឡប់ទៅផ្ទះវិញ ហើយមិនតែប៉ុណ្ណោះក្រោយតុលាការ ដោះលែងបានវិលត្រឡប់ ទៅផ្ទះវិញ គេថែមទាំងធ្វើពិធីជប់លៀងអបអរសាទរ យ៉ាងគគ្រឹកគគ្រេងទៀតផង និងនិយាយអួតប្រាប់មិត្តភក្ដិថា ចាប់គេមិនបានយូរទេ អោយតែមានលុយរឿងអី ជាប់គុកយូរនោះ។
ពាក់ព័ន្ធព័ត៏មានដោះលេង មេឈ្មួញឈើ ប្រណីតដែលរថយន្តដឹកឈើ របស់គេបើកធ្វើអោយ បាក់ស្ពាននោះ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ លោកឯក ឆេងហួត ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពត បានថ្ងែងប្រាប់អង្គភាពព័ត៏មាន Fresh Newsថា ការដោះលែងមន្ត្រីយោធា ដែលដឹកឈើលើសកំណត់ បណ្តាលឲ្យបាក់ស្ពាន នៅខេត្តកំពតនោះ គឺដោយមានការស្នើសុំពីប្រពន្ធជនបង្កទៅក្រសួងសាធារណការ និងដឹកជញ្ជូន ទើបក្រសួងសាធារណការ ចេញលិខិតអន្តរាគមន៍ ដាក់ចូលមកតុលាការខេត្តកំពតថា «ក្រសួងមិនយល់ទាស់ទេ លើលិខិតសុំអន្តរាគមន៍ របស់គ្រួសារជាប្រពន្ធជនបង្កនោះ និងសុំឲ្យតុលាការបំពេញបន្តតាមនីតិវិធី ដើម្បីធានាជនបង្ក ឲ្យនៅក្រៅឃុំ និងខាងភាគីបង្ក បានទទួលខុសត្រូវ សំណងថ្លៃស្ពានបាក់ ជាង២រយលានរៀលរួចរាល់ហើយដែរ ក្នុងនោះក៏មានការឯកភាព ពីស្ថាប័នរដ្ឋបាលព្រៃឈើផងដែរ»។
សូមបញ្ជាក់ថាកាលពីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ មានរថយន្តយីឌុបមួយគ្រឿងដឹកឈើប្រណីត និងឈើលេខ១ចំនួន ប្រមាណ៥០ម៉ែត្រគូបបើកចេញពី ខេត្តកំពង់ស្ពឺឆ្ពោះទៅ ប្រទេសវៀតណាម តាមច្រកទាន់ហន់ ខេត្តកំពតបានធ្វើអោយបាក់ស្ពាន ដែកបាឡេមួយកន្លែង ដែលគេហៅស្ពានតានៃ ស្ថិតក្នុងភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត។
ក្រោយមកសមត្ថកិច្ចបាន បើកធ្វើការស្រាវជ្រាវ ហើយរកឃើញថារថយន្ត ដឹកឈើបង្កហេតុខាងលើនេះ ជារបស់មន្ត្រីយោធាឈ្មោះជឿង ថេង ភេទប្រុស អាយុ៣៧ឆ្នាំ មានឋានន្តរសក្ដិវរសេនីយ៏ត្រី និងតួនាទីជាជំនួយការ ការិយាល័យទី២ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ ហើយក៏កសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមច្បាប់។លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៦ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត បានចេញដីកាបង្គាប់អោយ ឈ្មោះជឿង ថេង ចូលខ្លួនពាក់ព័ន្ធបទល្មើស ដឹកឈើធ្វើអោយបាក់ស្ពាន ហើយនៅថ្ងៃទី១៨ ខែមិថុនា ក៏ត្រូវកំលាំងអាវុធហត្ថ ខេត្តកំពង់ស្ពឺធ្វើការនាំខ្លួនពី ស្រុកឱរ៉ាល់ប្រគល់អោយ សមត្ថកិច្ចខេត្តកំពតដើម្បីអនុវត្ត តាមដីការបស់ព្រះរាជអាជ្ញាតែម្ដងទៅ។ គេមិនដឹងថាក្រៅពី តំកល់ប្រាក់ ២០០លានរៀល ហើយ តើឈ្មួញឈើរូបនេះ ចាយអស់ប៉ុន្មានទៀតនោះទេ ទើបបានជារួចខ្លួន លឿនបែបនេះ តែអ្នកដឹងរឿងបានអះអាងថា អស់មិនតិចនោះឡើយ៕