(ភ្នំពេញ)៖ គណបក្សរស្មីខេមរា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
គណបក្សរស្មីខេមរា បានបញ្ជាក់ដូច្នេះថា៖ «គណបក្សរស្មីខេមរា សូមគាំទ្រលើសេចក្ដីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះ ឆ្នោតរបស់គណបក្សភ្លើងទៀន ដែលរៀបចំដោយគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នេះឆ្លុះបញ្ចាំងអំពី ការអនុវត្តន៍ច្បាប់ដោយស្មើភាពចំពោះគណបក្សនយោបាយគ្រប់និន្នាការទាំងអស់។
គណបក្សរស្មីខេមរា សូមស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញតមេត្តាតម្កល់សេចក្តីសម្រេចបដិសេធរបស់គណៈ កម្មការជាតិរៀបចំការបោះឆ្នោត ចំពោះគណបក្សភ្លើងទៀនដែលមិនបានបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ស្រប តាមច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្ត្រ សូមទុកជាបានការដើម្បីធានានូវតម្លាភាព សម្រាប់គ្រប់គណបក្ស នយោបាយនៅព្រះរាជាណាចក្រកម្ពុជា។
គណបក្សរស្មីខេមរា សុំអំពាវនាវដល់សមាជិកគណបក្សប្រឆាំងជាពិសេសគណបក្សភ្លើងទៀន សូមចូល រួមគោរពនីតិវិធីច្បាប់កុំបង្កហេតុនានាដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕