(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងប្រគល់តួនាទីភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធ របស់រដ្ឋបាលស្រុកស្ទោង និងនាយក នាយិកា នាយករង សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ក្នុងស្រុកស្ទោងចំនួន២៤រូប។

ថ្លែងនៅចំពោះមុខ លោកនាយក នាយករង មន្ត្រីក្នុងឱកាសនេះ លោកបានណែនាំដល់មន្ត្រី ត្រូវខិតខំអភិវឌ្ឍនសមត្ថភាពរបស់ខ្លួនដើម្បីប្រសិទ្ធភាពការងារ ឱ្យស្របទៅនឹងស្ថាប័ននិងតាមយុគសម័យបច្ចេកវិទ្យា ឌីជីថល  ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ បទបញ្ជារបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយគ្រប់អ្នកពាក់ព័ន្ធ ផ្តួចផ្តើមគំនិត និងចូលរួមគ្រប់សកម្មភាព ដែលបម្រើផលប្រយោជន៍រួមក្នុងសាលារៀន និងមានអធ្យាស្រ័យខ្ពស់រវាងគ្នានិងគ្នាដែលនាំឲ្យ អង្គភាព និងសាលារៀនកាន់តែ មានការរីកចម្រើន ពិសេសគោរពស្រឡាញ់ប្រជាពលរដ្ឋ ស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់លោកនាយក នាយិកា លោកគ្រូ  អ្នកគ្រូ គ្រប់សាលា ត្រូវខិតខំអភិវឌ្ឍច្នៃប្រឌិត សាលារៀនឲ្យក្លាយជាសាលារៀនបៃតង មានបរិស្ថានស្រស់បំព្រង សំបូបែបដោយសួនច្បារ សួនផ្កា និងដើមឈើសំបូរបែប ជាពិសេសគឺត្រូវមានផែនការមេក្នុងការស្ថាបនាសាលារៀនឲ្យសមស្របតាមគោលការណ៍អប់រំជាតិ។

ជាចុងបញ្ចប់ លោកអភិបាលស្រុកបានណែនាំដល់មន្ត្រីរាជការគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីលើកកម្ពស់កម្រិតភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត៕