Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការ ផ្អាកការជំនុំជម្រះលើ​សំណុំរឿង​ លោក នី ចរិយា ពាក់ព័ន្ធនឹង​ករណី​បរិហារកេរ្តិ៍ បន្ទាប់ពី​ជនជាប់ចោទ​ស្នើ​ប្តូរចៅក្រម​

18-07-2016 12:47

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនាការភ្លាមៗ ក្នុងការជំនុំជម្រះលើសំណុំរឿង លោក នី ចរិយា អតីតមន្រ្តីសមាគមអាដហុក ដែលពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ លើមន្រ្តីតុលាការខេត្តសៀមរាប បន្ទាប់ពីជនជាប់ចោទ នី ចរិយា បានប្តឹងដើម្បីផ្លាសប្តូរចៅក្រម ជំនុំជម្រះ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងពេលដំណើរការសវនាការ ជនជាប់ចោទបានប្តឹងដិតចិត្តចៅក្រមជំនុំជម្រះ (ប្តឹងប្តូរចៅក្រមជំនុំជម្រះ) ទើបសវនាការត្រូវផ្អាកសិន ដើម្បីរង់ចាំសេចក្តីសម្រេច អំពីការប្តឹងដិតចិត្តចៅក្រម»

ទោះជាយ៉ាងណា លោក លី សុផាណា មិនបានបញ្ជាក់លម្អិតថា សវនការជាថ្មីចំពោះសំណុំរឿងនេះ នឹងបន្តនៅពេលណានោះទេ ខណៈដែលជនជាប់ចោទ កំពុងត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងបទល្មើស សមគំនិតសូកប៉ាន់សាក្សី នៅក្នុងសំណុំរឿងមួយផ្សេងទៀត។

លោក នី ចរិយា ត្រូវបានប្តឹងដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប និង លោក គី ឬទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងការបរិហារកេរ្តិ៍ ជាសាធារណៈ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយ ដើម្បីធ្វើសម្ពាធលើយុត្តាធិការតុលាការ ចំពោះរឿងក្តីដីធ្លីមួយនៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០១៥។ កាលនោះលោក នី ចរិយា បានចោទមន្រ្តីតុលាការខេត្តសៀមរាបទាំង២នេះថា មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវ ក្នុងការចោទប្រកាន់ និងចាប់ខ្លួនអ្នកភូមិពីរនាក់ ដាក់ពន្ធនាគារចំពោះការតវ៉ាប្រឆាំង ក្រុមហ៊ុនកសិពាណិជ្ជកម្ម (Community Takhmao Development Agriculture & Industrial ) ដែលអ្នកភូមិចោទថា បានព្យាយាមរឹបអូសយកដីស្រែ របស់ពួកគាត់ដោយខុសច្បាប់៕