(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ចំនួន៥៣៨រូប ក្នុងនោះមានមេដាយអស្សឫទ្ធិ០២គ្រឿង មាស៧៦គ្រឿង ប្រាក់៤៦១គ្រឿង។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណផ្សារធំគំរូថ្មី (ហង្ស ស៊ីផា) ស្ថិតនៅក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធ សមាជិក សមាជិកាជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីសម្តេចទាំងទ្វេរមិនបានចុះមកផ្ទាល់ក៏ដោយ។ លោកបានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្ម ជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ។ទន្ទឹមនឹងនេះដែរ ត្រូវជឿជាក់ស្មោះស្ម័គ្រ គាំទ្រការដឹកនាំ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៕