(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសហព័ន្ធសហជីពនៅកម្ពុជា តំណាងឲ្យសហភាពសហជីពចំនួន៥ធំៗ បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះ សំណើររបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ដែលអំពាវនាវទៅសហគមន៍អឺរ៉ុប បញ្ឈប់ការចូលសម្លៀកបំពាក់ពីកម្ពុជា ហើយបើកទីផ្សារវិញត្រូវដាក់លក្ខ ខណ្ឌនោះ។ មេសហជីពដ៏ធំរូបនេះ បានលើកឡើងថា បើសហគមន៍អឺរ៉ុប ធ្វើតាមសំណើរលោក សម រង្ស៊ី ពិតមែន នោះនឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាព របស់ប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលជាង៣លាននាក់ ដែលរស់នៅហើយពឹងផ្អែកដោយសារវិស័យឧស្សាហកម្មមួយនេះ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញ ត្រូវមានភ្ជាប់ជាមួយនឹងលក្ខខណ្ឌ។ ការបញ្ជាក់របស់លោក សម រង្ស៊ី ធ្វើឡើងតាមរយៈបទអន្តរាគមន៍ របស់លោកជាភាសាបារាំង នៅសភាអឺរ៉ុប កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។ បទអន្តរាគមន៍នេះ ត្រូវបានដាក់ផ្សាយក្នុងបណ្តាញសង្គម របស់លោកកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ នេះបើយោង តាមការដកស្រង់ចេញពីវិទ្យុបារាំង RFI។
លោក សោម អូន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះថា «ពួកយើងពិតជាមានការសោកស្តាយយ៉ាងខ្លាំង ដែលលោក សម រង្ស៊ី បានអំពាវនាវដល់សហគមន៍អឺរ៉ុប បញ្ឈប់ការនាំចូលសម្លៀកបំពាក់ពីកម្ពុជា ពីព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ជីវភាពបងប្អូនកម្មករ-កម្មការិនី ជាង ៨០ម៉ឺននាក់ ហើយកម្មករម្នាក់អាចចិញ្ចឹមគ្រួសារគេបាន៣នាក់ ដូច្នេះពលរដ្ឋខ្មែរជាង២លាននាក់ បូករួមទាំងអ្នកបើករថយន្តដឹកកម្មករ និងសាច់ញាតិ ព្រមទាំង អ្នកពាក់ព័ន្ធ លើវិស័យកាត់ដេរមួយនេះ មិនតិចជាង៣លាននាក់នោះឡើយ»។
បើតាមលោក សោម អូន សម្រាប់វិស័យកាត់ដេរមួយនេះ មួយឆ្នាំៗកម្ពុជានាំចេញសម្លៀកបំពាក់ ក្នុងតម្លៃទឹកប្រាក់ជាង៥ពាន់លានដុល្លារ ហើយការនាំ ចេញទៅសហគមន៍អឺរ៉ុប ៤៥ភាគរយ ទៅសហរដ្ឋអាមេរិក ៣៥ភាគរយ កាណាដា១០ភាគរយ និងជប៉ុន១០ភាគរយ។
លោក សោម អូន បន្តថា «ការលំបាកនោះ គឺមិនប៉ះពាល់ដល់ថៅកែរោងចក្រនោះឡើយ ពោលថៅកែរោងចក្រទាំងនោះ ជាជនបរទេស ដូច្នេះពួកគេមាន រោងចក្រជាច្រើនផ្សេងទៀត នៅប្រទេសឡាវ ប្រទេសភូមា ប្រទេសចិន និងប្រទេសសេរីលង្កាជាដើម តែផ្ទុយទៅវិញ គឺប៉ះពាល់តែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ»។
ទង្វើរបស់លោក សម រង្សី ខាងលើនេះត្រូវបានលោក សោម អូន អះអាងថា លោក សម រង្ស៊ី មានទោសទណ្ឌ ហើយរត់ចោលស្រុក តែបែរជាគាត់ខឹងរឿង បុគ្គលសោះ មកធ្វើបាបពលរដ្ឋខ្មែរ ដូច្នេះតើគាត់ មានស្រឡាញ់កម្មករ ស្រឡាញ់ពលរដ្ឋខ្មែរ របស់យើងដែរឫទេ។ លោកសូមអំពាវនាវទៅមេបក្សប្រឆាំងរូបនេះ បញ្ឈប់យកកម្មករ និងពលរដ្ឋខ្មែរ ជាឈ្នាន់នយោបាយរបស់ខ្លួនតទៅទៀត ពីព្រោះវាគ្មានចំណេញអ្វីនោះឡើយ ហើយនាំតែឲ្យពលរដ្ឋខ្មែរ ថ្កោលទោសលោកតែប៉ុណ្ណោះ៕