(បាងកក)៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAP ស្តីអំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងសេចក្តីថ្លែងការណ៍ លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីឥទ្ធិពលដ៏អាក្រក់ នៃឧស្ម័នផ្ទះកញ្ចក់មកលើផែនដី និងមនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ កម្ពុជាមិនខុស ពីប្រទេសនានា ក្នុងពិភពលោកផងដែរ ដោយកម្ពុជានឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលអាក្រក់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២០ ស្តីពី «មហិច្ចតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ បង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ កម្ពុជា បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាសកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះកម្ពុជា បានកំណត់នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងលើកកម្ពស់នគរូបនីយកម្មប្រកបដោយចីរភាព និងមានភាពធន់។

នៅកម្រិតជាតិ កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយបានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។ កម្ពុជាក៏កំពុងធ្វើការឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាសផងដែរ ដោយកម្ពុជាបានបង្កើតផែនការបន្ស៊ាំជាតិ ដើម្បីបង្ហាញទិសដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញភាពធន់លើគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព។

បន្ថែមលើនេះ កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយបច្ចុប្បន្នថាមពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយមានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតកំពុងត្រូវបានសាសង់ ឬនឹងត្រូវបានសាងសង់នៅពេលដ៏ខ្លីខាងមុខ។

កម្ពុជា សេចក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់សហគមន៍សាកលលោក ដើម្បីសម្រេចបានការពន្លឿនសកម្មភាព ធាតុអាកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញនូវសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា៕