(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានភ័ស្ដុភារ និងហរិញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីបំភ្លឺមួយ ដោយធ្វើការច្រានចោលទាំងស្រុងនូវព័ត៌មានដែលចោទប្រកាន់ថា លោកបានរំលោភបំពានយកដីប្រជាពលរដ្ឋ៤៥គ្រួសារ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមរយៈសេចក្ដីបំភ្លឺមួយដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក យឹម សំណាង បានអះអាងថា ករណីដែលគេចោទប្រកាន់លោកនេះ គឺខុសពីការពិតទាំងស្រុង ផ្ទុយទៅវិញ លោកទេដែលត្រូវបានបុគ្គលឈ្មោះ ឈរ ស៊ុនលី និងគ្រួសារ រំលោភយកដីនៅទីតាំងខាងលើដោយខុសច្បាប់។

លោកឧត្តមសេនីយ៍ឯក យឹម សំណាង បានអះអាងថា បុគ្គលឈ្មោះ ឈរ ស៊ុនលី និងគ្រួសារ បានរំលោភយកដីកម្មសិទ្ធិរបស់លោកប្រហែល ១.៨ហិកតា ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀតបានចូលទៅកាន់កាប់ទំហំដីផ្សេងៗ លើដីរបស់លោក ហាក់ដូចជាមានការរៀបចំចាត់តាំងទុកជាមុន។ បុគ្គលឈ្មោះ ឈរ ស៊ុនលី បានគៀរគរ និងប្រមូលប្រជាពលរដ្ឋមកដណ្ដើមកាន់កាប់ដីរបស់លោក ធ្វើជាខ្នងបង្អែក និងរូបភាពថា លោកបានរំលោភ ឬទន្ទ្រានដីរបស់ប្រជាពលរដ្ឋទន់ខ្សោយទៅវិញ ប៉ុន្ដែធាតុពិតបុគ្គលនេះ ​ប្រើប្រាស់ប្រជាពលរដ្ឋជាឈ្នាន់សម្រាប់រំលោភយកដីរបស់លោកតែម្ដង។

ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់ឧត្តមសេនីយ៍ឯក យឹម សំណាង៖