(ភ្នំពេញ)៖ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម បានបញ្ជាក់ដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ដែលសុទ្ធសឹងជានិស្សិត អ្នកស្រលាញ់បរិស្ថាន និងសង្គម មកពីតាមបណ្តាសាកលវិទ្យាល័យ សូមគាំទ្រសេចក្តីប្រកាសព័ត៌មានរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដោយមូលហេតុ គណបក្ស ភ្លើងទៀន មិនបានបំពេញលក្ខខណ្ឌដែលច្បាប់តម្រូវ។ ការបដិសេធនេះត្រូវបាន គ.ជ.ប អះអាងថា ដោយ មូលហេតុ គណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាស ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្ស នយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត ២៧ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។
ខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប គិតត្រឹមថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះបោះឆ្នោត ចំនួន១៨ (ដប់ប្រាំបី) គណបក្សនយោបាយ ដោយឡែកមានតែ គណបក្សភ្លើង ទៀន តែមួយគត់ដែលត្រូវបាន គ.ជ.ប បដិសេធការចុះបញ្ជីគណបក្សនយោបាយ នេះបញ្ជាក់ឱ្យឃើញថា ជា ចេតនារបស់ គណបក្សភ្លើងទៀន មិនព្រមប្រគល់ឯកសារត្រឹមត្រូវគ្រប់ជ្រុងជ្រោយមក គ.ជ.ប និងមាន ចេតនាតែងតែបង្ករភាពអសន្តិសុខដល់សង្គមជាតិទាំងមូល និងព្យាយាមបង្វែរស្ថានការណ៍នយោបាយរបស់ ខ្លួនគ្រប់កាលៈទេសៈ ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃសមាគម អ្នកស្រលាញ់បរិស្ថាន និងសង្គម សូមស្នើសុំឱ្យថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន គោរពគោលការណ៍សុច្ចរិត តម្លាភាព និងត្រឹមត្រូវផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលមានជាធរមាន ដើម្បីចៀសវាងអសន្តិសុខក្នុងសង្គម ដែលប្រទេសជាតិកំពុងតែមានសុខ សន្តិភាព និងការអភិវឌ្ឍន៍»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕