(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសតែងតាំង និងប្រគល់តួនាទី ភារកិច្ចជូនមន្ត្រីរាជការក្នុងរចនាសម្ពន្ធរបស់រដ្ឋបាលស្រុកស្ទោង និងនាយក-នាយិកា នាយករងសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ក្នុងស្រុកស្ទោងចំនួន២៤រូប។
លោកបានណែនាំដល់មន្ត្រីត្រូវខិតខំអភិវឌ្ឍនសមត្ថភាពរបស់ខ្លួន ដើម្បីប្រសិទ្ធភាពការងារឱ្យស្របទៅនឹងស្ថាប័ន និងតាមយុគសម័យបច្ចេកវិទ្យាឌីជីថល ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ បទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ខិតខំបង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយគ្រប់អ្នកពាក់ព័ន្ធ ផ្តួចផ្តើមគំនិត និងចូលរួមគ្រប់សកម្មភាព ដែលបម្រើផលប្រយោជន៍រួមក្នុងសាលារៀន និងមានអធ្យាស្រ័យខ្ពស់រវាងគ្នានិងគ្នាដែលនាំឲ្យអង្គភាព និងសាលារៀនកាន់តែមានការរីកចម្រើន ពិសេសគោរពស្រឡាញ់ប្រជាពលរដ្ឋ ស្មោះត្រង់ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
ជាមួយនេះ លោកក៏បានលើកទឹកចិត្តដល់លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូគ្រប់សាលា ត្រូវខិតខំអភិវឌ្ឍច្នៃប្រឌិត សាលារៀនឲ្យក្លាយជាសាលារៀនបៃតង មានបរិស្ថានស្រស់បំព្រងសម្បូបែបដោយសួនច្បារ សួនផ្កា និងដើមឈើសម្បូរបែប ជាពិសេសគឺត្រូវមានផែនការមេក្នុងការស្ថាបនាសាលារៀនឲ្យសមស្របតាមគោលការណ៍អប់រំជាតិ។
លោកអភិបាលស្រុកបានណែនាំដល់មន្ត្រីរាជការគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីលើកកម្ពស់កម្រិតភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត៕