(កោះកុង)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានជំរុញឲ្យប្រធានមន្ទីរកសិកម្ម ខេត្តកោះកុងថ្មីប្រឹងប្រែងធ្វើការងារ ដោយសហការជាមួយអាជ្ញាធរ នៅក្នុងខេត្តទាំងអស់ ដើម្បីជំរុញវិស័យកសិកម្ម នៅក្នុងខេត្តជាប់សមុទ្រមួយនេះ ឲ្យបានកាន់តែល្អប្រសើរ។
ការថ្លែងជំរុញរបស់លោករដ្ឋមន្រ្តី វេង សាខុន បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញប្រកាសតែងតាំង លោក អ៉ី ម៉េងលាង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោកពិធីតែងតាំងនេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកោះកុង គឺជាខេត្តមួយ ដែលមានផ្ទៃដីធ្វើស្រែចំការតិចតួច ដូច្នេះរូបលោកឲ្យ ប្រធានមន្ទីរកសិកម្មថ្មី ប្រឹងប្រែងជំរុញប្រជាពលរដ្ឋ ឲ្យធ្វើការចិញ្ចឹមត្រី សត្វ និងដាំដុះបន្លែបង្កាផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពឲ្យកាន់តែ ល្អប្រសើរ។
លោករដ្ឋមន្រ្តីសកម្ម បានប្រាប់ប្រធានមន្ទីរថ្មី ឲ្យធ្វើការដោយសហកាជាមួយមន្រ្តីថ្នាក់ក្រោម និងមន្រ្តីជុំវិញខេត្តទាំងអស់ ដើម្បីឲ្យការងារ បម្រើប្រជាពលរដ្ឋអាចប្រព្រឹត្តក្រោមបរិយាកាសល្អប្រសើរ និងមានប្រសិទ្ធភាព។
ឆ្លើយតបសំណើនេះ លោក អ៉ី ម៉េងលាង បានប្តេជ្ញាប្រឹងប្រែង និងព្យាយាម ធ្វើការងារលើវិស័យកសិកម្ម ក៏ដូចជលផលឲ្យបានកាន់តែល្អប្រសើរ៕