(បាត់ដំបង)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន៤៥នាក់។

ពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិនេះ ត្រូវបានធ្វើឡើងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណដល់អតីតយុទ្ធជនទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មជាមួយសម្ដេចតេជោ ហ៊ុន សែន ហើយទទួលបាននូវសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ន។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យអតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមកដូចបងប្អូនក្នុងមហាគ្រួសារខ្មែរតែមួយ។ ទន្ទឹមនឹងនេះ ត្រូវជឿជាក់ស្មោះស្ម័គ្រគាំទ្រការដឹកនាំរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញាការពារឱ្យបានគង់វង្សនូវសន្តិភាពដែលបានមកពីការលះបង់ដ៏ធំធេង ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

លោក គន់ គីម ក៏បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបងចំនួន៤៥នាក់ ក្នុងនោះរួមមាន៖
* គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សប្ញទ្ធិ ១៣នាក់
* គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ៣០នាក់
* គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់ប្រាក់ ២នាក់។

លោកបានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ត្រូវត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា៕