(កោះកុង)៖ លោក Eddie Lefter ប្រធានផ្នែកពង្រឹងការអនុវត្តច្បាប់នៃកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំនឿថា តាមរយៈការដាក់ចេញនូវការដាក់ចេញផែនការអនុវត្តច្បាប់យ៉ាងតឹងរឹង និងវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសម្រាប់សហគមន៍មូលដ្ឋាននឹងធ្វើឱ្យបទល្មើសបំផ្លាញធនធានធម្មជាតិថយចុះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពេលចុះធ្វើទស្សនកិច្ចនៅទីស្នាក់ការស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក Eddie Lefter បានគូសបញ្ជាក់ថា៖ «បទល្មើសធនធានធម្មជាតិនៅតែបន្តកើតមានដដែល គ្រាន់តែមានការថយចុះបន្តិច ប៉ុន្តែ យើងបានទប់ស្កាត់រហូតសង្កេតឃើញថាមានការថយចុះខ្លះ»។

ជាមួយគ្នានេះដែរ លោក Eddie Lefter បានបន្តថា តាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមដោយក្រសួងបរិស្ថាន នឹងក្លាយជាសារមួយដ៏មានតម្លៃដើម្បីបញ្ជូនទៅក្រុមអ្នកប្រព្រឹត្តបទល្មើសឱ្យបានយល់ពីច្បាប់ និងសារសំខាន់របស់សត្វព្រៃ និងព្រៃឈើ។

មន្ត្រីអនុវត្តច្បាប់រូបនេះ បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាដ៏តឹងរឹងមួយឱ្យមានប្រតិបត្តិការទប់ស្កាត់ឱ្យខានតែបាននូវបទល្មើសបំផ្លាញធនធានធម្មជាតិនេះ ហើយយើងជឿជាក់ថាសារដ៏ខ្លាំងនេះនឹងធ្វើឱ្យបទល្មើសបំផ្លាញធនធានធម្មជាតិនឹងថយចុះ»។

លោក នេត្រ ភក្ត្រា បានថ្លែងថា តាមរយៈវិធានការដែលបានដាក់ចុះដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ដែលបានសហការគ្នា នៅក្នុងការអភិរក្សនៅតំបន់នេះបានធ្វើឱ្យតំបន់ការពារធម្មជាតិនៅក្នុងខេត្ត ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវាញ មានភាពល្អប្រសើរឡើង ហើយទីតាំងនេះក៏ជាផ្នែកមួយនៃការលក់ឥណទានកាបោណមួយ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា ក្រសួងក៏កំពុងតែពង្រឹងទៅលើប្រសិទ្ធភាពនៃការអភិរក្សតាមរយៈការដាក់ចុះនូវផែនការអភិវឌ្ឍសហគមន៍មូលដ្ឋានដែលថវិកាបានមក គឺដើម្បីប្រើប្រាស់ពង្រឹងការអនុវត្តន៍ច្បាប់ ពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានផងដែរ៕