(បាងកក-ថៃ)៖ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាទ្វេភាគីជាមួយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីសម្តែងការគួរសម និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យសកម្មភាពមីនដែលជាគោលដៅទី១៨ «កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម» នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០។

ក្នុងជំនួបនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានផ្តាំសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើជូនលោកស្រី Armida Salsiah Alisjahbana ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងUN ESCAP។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ UN ESCAP ដែលតែងតែផ្តល់ការគាំទ្រដល់សកម្មភាពមីននៅកម្ពុជា និងធ្វើជាសហប្រធានដឹកនាំព្រឹត្តិការណ៍អមស្តីពីការបោសសម្អាតមីនដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩របស់ UN ESCAP ដែលក្នុងវិស័យមីននេះ កម្ពុជា និង UN ESCAP បានប្តេជ្ញាចិត្តរួមគ្នាថា នឹងមិនឲ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀតទេ៕