(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក វង្ស ប៊ុនវិសុទ្ធ បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» ឲ្យចូលបំភ្លឺលើបណ្ដឹងបរិហាកេរ្ដិ៍ តាមបណ្ដាញសង្គមFacebook នៅសប្ដាហ៍ក្រោយ។
ការកោះហៅរបស់អយ្យការអមសាលាដំបូង គឺដើម្បីឲ្យកញ្ញាបំភ្លឺទៅលើបណ្ដឹងរបស់កញ្ញា លើអ្នកលេង Facebook ម្នាក់ឈ្មោះ ម៉ោញ សារ៉ាត់។ ការសាកសួរនេះនឹងធ្វើឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានដាក់ពាក្យបណ្តឹងម្ចាស់គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) បន្ទាប់ពីឈ្មោះនេះ បានបង្ហោះអត្តបទមួយដែលកញ្ញាបានចោទថា ជាការបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់នៅក្នុងពាក្យរបស់ខ្លួនកាលពីខែមុនថា ឈ្មោះ ម៉ោញ សារ៉ាត់ បានចោទថា ការធ្វើវេទិការរបស់នាងនៅខេត្តឧត្តរមានជ័យ មានអ្នកចូលរួមត្រឹមតែ៧០នាក់ និងចោទថាបានធ្វើការកាត់តរូបភាព។ ធី សុវណ្ណថា បានហៅការលើកឡើងនេះ គឺជាការបរិហាកេរ្ដិ៍ និងខុសពីការពិត ដែលវេទិការរបស់នាងមានអ្នកចូលរួមរហូតដល់៩០០នាក់។
ពាកព័ន្ធនឹងបណ្ដឹងនេះ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ក៏បានព្យាយាមសុំការបំភ្លឺពី លោក ម៉ោញ សារ៉ាត់ តាមទំព័រ Facebook របស់លោក តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ៕