(ភ្នំពេញ)៖ សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

សមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបាទ គោរម្យ ដាឡា ជាប្រធានសមាគមនិស្សិតសន្តិភាពដើម្បីប្រជាធិបតេយ្យ និងជាអនុប្រធានបណ្តុះ អង្គការ សមាគម សង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងមុតមាំ នូវសេចក្តីសម្រេចរបស់ គ.ជ.ប លេខ២៣៣ ចុះថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ស្ដីពី ការបដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន ២៥ មណ្ឌលរាជធានីខេត្ត ដោយមូលហេតុគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

តាមសេចក្តីសម្រេចរបស់ គ.ជ.ប បានចុះផ្សាយថា គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បាន ទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយសរុបចំនួន ២០គណបក្ស។ គ្រប់គណបក្សនយោបាយទាំងអស់ មានរយៈពេល ៧ថ្ងៃ ក្នុងការត្រួតពិនិត្យឯកសារចំនួន ១០មុខ ដែលមានចែងនៅមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ហើយគ្រប់គណបក្សនយោបាយមានថេរវេលា ៥ថ្ងៃ ដើម្បីបំពេញឯកសារដែលខ្វះខាត និងមិនបានបំពេញ ឬជាតម្រូវការ ក្រោយពីទទួលបានការស្នើសុំរបស់ គ.ជ.ប»។

ក្នុងនាមជាយុវជនសង្គមស៊ីវិល សូមធ្វើការអំពាវនាវដល់គណបក្សនយោបាយទាំងអស់ ជាពិសេសនោះគឺ គណបក្សភ្លើងទៀន សូមមេត្តាចូលរួមគោរពនូវនីតិវិធីច្បាប់ជាតិ និងសេចក្តីសម្រេចនានារបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយកុំបង្កហេតុធ្វើឱ្យប៉ះពាល់ដល់ស្ថាប័ន គ.ជ.ប ជាពិសេសមកលើរាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕