(ភ្នំពេញ)៖ វគ្គផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំធ្វើឡើងបន្តបន្ទាប់ ដោយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៅតាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ឃុំ ស្រុក ក្នុងខេត្ត ក្រុងទាំង២៤ និងតាមបណ្តាគ្រឹះស្ថានអប់រំនានាទូទាំងប្រទេស។
ដោយឡែកនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ មន្ត្រីកាំកុងត្រូលសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារ ដល់សិស្សានុសិស្ស អនុវិទ្យាល័យ អូរបែកក្អមចំនួន៣៥០នាក់ និងលោកគ្រូអ្នកគ្រូមួយចំនួនទៀត។
លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា វគ្គផ្សព្វផ្សាយសុវត្ថិភាពចំណីអាហារនេះ ធ្វើឡើងក្នុងគោលបំណងឲ្យ សិស្សានុសិស្សមាន ចំណេះដឹងជាមូលដ្ឋាន អំពីអ្វីទៅដែលហៅថា «សុវត្ថិភាពម្ហូបអាហារ ពីកសិដ្ឋានដល់តុបរិភោគ» និងដោយឡែក គឺបង្ហាញឲ្យប្អូនៗយល់ដឹងអំពីផលប៉ះពាល់ នៃសារធាតុគីមីពីធម្មជាតិ និងសារធាតុគីមីហាមឃាត់ លើម្ហូបអាហារវិធានការណ៍ទប់ស្កាត់ ការរីកដុះដាលនៃបាក់តេរី ដោយផ្តោតធ្ងន់ លើការកំចាត់បាក់តេរី ដោយប្រើវិធានការធំៗ៤យ៉ាង គឺការលាង, ការញែក, ការក្លាសេឬបង្កក, និងការចំអិន។
វគ្គផ្សព្វផ្សាយ ក៏បានលំអិតអំពីរបៀបនៃការពិនិត្យមើល អនាម័យលើចំណីអាហារផ្ទាល់ ការដាក់តាំងលក់ និងការពិនិត្យភាពគត់មត់នៃសំបកវេចខ្ចប់ និងរបៀបមើលកាលបរិច្ឆេទ ផុតកំណត់ប្រើប្រាស់ផងដែរ។ លើសពីនេះទៅទៀត វគ្គផ្សព្វផ្សាយនេះ ក៏បានសង្កត់ធ្ងន់ដែរឲ្យប្អូនៗ បានយល់អំពីតួនាទីអ្នកប្រើប្រាស់ ក្នុងក្របខណ្ឌនៃការរួមចំណែក ទប់ស្កាត់ការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាពលើទីផ្សារ។
ជួសមុខឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល លោក ខៀវ បញ្ញាវឌ្ឍន៍ សំណូមពរឲ្យបងប្អូនអាជីវករ ពាណិជ្ជករ មេត្តាសហការជាមួយសមត្ថកិច្ច និងធានានូវភាពទទួលខុសត្រូវខ្ពស់ កុំលាក់លៀមទីតាំងផលិត ប្រភពនាំចូល ក៏ដូចជាការបន្តការចែកចាយ ម្ហូបអាហារពុំមានសុវត្ថិភាព ហើយការទិញដូរត្រូវតែមានវិក័យប័ត្រច្បាស់លាស់ ឬទទួលទិញទំនិញណា ដែលស្គាល់ប្រភព និងអាស័យដ្ឋានត្រឹមត្រូវ ងាយស្រួលដល់សមត្ថកិច្ចចាត់ វិធានការផ្លូវច្បាប់ យ៉ាងមានប្រសិទ្ធភាពនិងតម្លាភាព៕