(ភ្នំពេញ)៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
គណបក្សនគរបជាធិបតេយ្យ បានបញ្ជាក់ដូច្នេះថា៖ «សារជាថ្មីម្តងទៀត គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមប្រកាសគាំទ្រ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ថាការសម្រេចចិត្តរបស់(គជប) គឺត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា។
កថាខណ្ឌទី២ នៃមាត្រាទី២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចែងថា ដើម្បីចុះបញ្ជីគណបក្ស នយោ បាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាផ្លូវការ គណបក្សនយោបាយត្រូវធ្វើពាក្យ សុំចុះបញ្ជីគណបក្ស នយោបាយ ឈរឈ្មោះបោះឆ្នោតតាមបែបបទកំណត់ដោយ(គជប) មក (គជប) យ៉ាងយូរ៧០ថ្ងៃមុនថ្ងៃបោះឆ្នោត ដោយ ភ្ជាប់ជាមួយនូវ ឯកសារចំនួន១០ប្រភេទ ដែលប្រភេទទី១ សេចក្តីបញ្ជាក់នីត្យានុកូលកម្ម ពីការចុះបញ្ជីគណបក្សនយោបាយនៅ ក្រសួងមហាផ្ទៃ ០១ ច្បាប់ និងប្រភេទទី២ ដែលមានជាបន្តបន្ទាប់ទៀត ។
ជាក់ស្តែងអស់រយៈពេលកន្លងមកនេះ គណបក្សភ្លើងទៀន មានចេតនា ឬអចនា ពុំបាននាំយកប្រកាសរបស់ ក្រសួង ស្តីពីការចុះបញ្ជីគណបក្សច្បាប់ដើមយកមកធ្វើនីត្យានុកូលកម្ម រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (សេចក្ដីចម្លងលិខិត បញ្ជាក់) នោះទេ ផ្ទុយទៅវិញ គណបក្សភ្លើងទៀន បាននាំយកតែ ស.ជ.ណ ដែលជាសេចក្តីជូនដំណឹងរបស់ក្រសួង គ្រាន់តែជាការទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំបក្ស យកមកធ្វើបញ្ជាក់ជាមួយ(គជប) ដែលផ្ទុយពីបណ្ដាគណបក្សដ៏ទៃ គេបានបំពេញបែបបទយ៉ាងល្អខ្ជាប់ខ្ជួន ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សូមអំពាវនាវឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការ សេច ក្តីសម្រេចរបស់ គជប ស្តីពីការបដិសេធ ការចុះបញ្ជីឈរឈ្មោះគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ និងសមាជិក សមាជិកា គណបក្សភ្លើងទៀន … សូមមេត្តាជ្រាប និង សូមកុំមានការកែនប្រមូលផ្តុំគ្នីគ្នាណាមួយ ដើម្បីបង្កើតជាក្រុមពូនជាបក្ស សាងព្រឹត្តិការណ៍ កូដកម្ម ឬបាតុកម្ម ណាមួយដែលផ្ទុយពីផ្លូវច្បាប់ ដែលធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល សេដ្ឋកិច្ច ហើយអាចនាំអោយមានទោសទណ្ឌដល់ខ្លួនថែមទៀត»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕