(ភ្នំពេញ)៖ គណបក្សនគរប្រជាធិបតេយ្យ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

គណបក្សនគរប្រជាធិបតេយ្យ បានបញ្ជាក់ដូច្នេះថា៖ «ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន គឺជារឿងត្រឹមត្រូវណាស់ ពីព្រោះការសម្រេចនេះ គឺផ្អែកទៅ លើទិដ្ឋភាពផ្លូវច្បាប់សុទ្ធសាធ ដែលមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរឿងនយោបាយនោះឡើយ។

គណបក្សនគរប្រជាធិបតេយ្យ សូមធ្វើការណែនាំអោយគណបក្សភ្លើងទៀន ងាកមកពិនិត្យឡើងវិញអំពីកំហុសឆ្គង និងការធ្វេសប្រហែសលើឯកសាររដ្ឋបាលរបស់ខ្លួន សម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត ដែលមិនអាចដាក់បន្ទុកទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទេ ដោយហេតុថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជូនដំណឹង និងទុករយះពេល៥ថ្ងៃបន្ថែមទៀត ដើម្បីឱ្យគណបក្សភ្លើង ទៀនធ្វើការកែតម្រូវ និងបំពេញលក្ខខណ្ឌខ្វះខាតផ្សេងៗ ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ។

ម៉្យាងវិញទៀត ការស្វះស្វែងរកកិច្ចអន្តរាគមន៍នយោបាយ ដើម្បីសម្របសម្រួលលើការសម្រេច បដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ គឺមិនអាចសម្រេចទៅរួចនោះទេ ពីព្រោះថាគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត គឺជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ និងតម្លាភាព ដែលមិនអាចស្ថិតនៅក្រោមសម្ពាធពី ស្ថាប័នណាមួយឡើយ ហើយទង្វើបែបនេះ ក៏បង្ហាញឱ្យឃើញពីចរឹកនយោបាយរបស់គណបក្សភ្លើងទៀនផងដែរ គឺចូលចិត្តយកឥទ្ធិពលនយោបាយ មកគៀបសង្កត់ និងវាយប្រហារមកលើស្ថាប័នជាតិ ដែលជាចេតនាទុច្ចរិតមិនអាច ទទួលយកបាននោះទេ។

គណបក្សនគរប្រជាធិបតេយ្យ សូមធ្វើការគាំទ្រទាំងស្រុង លើការសម្រេចរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ក្នុងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ មានតម្លាភាព និងអព្យាក្រឹត្យភាពច្បាស់លាស់ លើគ្រប់ បណ្តារគណបក្សនយោបាយ ក្នុងការចុះបញ្ជីគណបក្សនយោយបាយឈរឈ្មោះបោះឆ្នោតនាពេលកន្លងមកនេះ»។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕