(ភ្នំពេញ)៖ សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានបញ្ជាក់ដូច្នេះថា៖ «សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក សូមសម្តែងការគាំទ្រចំពោះសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លេខ ២៣៣ គ.ជ.ប.ស.ស.រ. ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការ បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧. ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនដោយមូលហេតុ គណបក្សភ្លើងទៀនពុំបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះ ឈោ្មះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយ ឲ្យបានត្រឹមត្រូវស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានមើលឃើញថាគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានអនុវត្តនីតិវិធីយ៉ាងត្រឹមត្រូវ ច្បាស់លាស់ ស្មើភាព មានស្តង់ដារតែមួយ ចំពោះគ្រប់គណបក្សនយោបាយដែល មានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោត ដោយត្រូវអនុវត្តដូចៗគ្នាទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីច្បាប់ដែលបាន ចែង។
សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ក៏មានការសោកស្តាយចំពោះគណបក្សភ្លើងទៀន ដែលមិនបានយកចិត្តទុកដាក់បំពេញបែបបទស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ជាធរមាន។ ជាមួយគ្នានេះដែរ សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក ក៏មានការសោកស្ដាយផងដែរដែល គណបក្សភ្លើងទៀន បាន ធ្វើការគម្រាមទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ ក្នុងការប្រមូលផ្តុំថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្ស នៅទូទាំងប្រទេស ដើម្បីតស៊ូ មតិប្រឆាំងទៅនឹងការអនុវត្តនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ក្នុងនាម សមាគម វិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ ទាំងអស់ ប្រជាពលរដ្ឋគ្រប់ស្រទាប់ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ជៀសវាងការប្រើប្រាស់រូបភាពបាតុកម្ម ឬការគំរាម កំហែងណាមួយ»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕