(ភ្នំពេញ)៖ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សូមគាំទ្រចំពោះសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លេខ ២៣៣ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការបដិសេធមិនចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន ដោយមិនបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅកថាខណ្ឌទី២ ត្រង់ចំណុចទី១ ក្នុងមាត្រា២៧។

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា បានឃើញច្បាស់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអនុវត្តតាមច្បាប់ បទបញ្ញ និងនីតិវិធីយ៉ាងត្រឹមត្រូវ ស្មើភាពគ្នា និងមិនប្រកាន់និន្នាការនយោបាយឡើយ។

គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា សូមស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញ មេត្តាតម្កល់សេចក្តីសម្រេចបដិសេធ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះគណបក្សភ្លើងទៀន ដែលមិនបានបំពេញនូវលក្ខខណ្ឌគ្រប់គ្រាន់ស្រប តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សូមទុកជាបានការដើម្បីធានានូវតម្លាភាព សម្រាប់គ្រប់គណបក្ស»។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕