(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) បានដឹកនាំក្រុមការងារចម្រុះថ្នាក់ជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ព្រមទាំងមេឃុំ មេភូមិក្នុងមូលដ្ឋានដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងអភិវឌ្ឍជនបទ ស្តីពីការបង្តើតក្រុមការងារបច្ចកទេសដើម្បីដឹកនាំ និងជំរុញការងារចុះបញ្ជីស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចចំនួន៥ភូមិ ដែលនៅសេសសល់ និងដែលមានភាពរាំងស្ទះកន្លងមកដោយសារបញ្ហាទំនាស់បច្ចេកទេសលាយឡំនឹងផលប្រយោជន៍។
កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាស្រុកថ្មបាំង ខេត្តកោះកុង រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
ក្នុងឱកាសនោះក្រៅពីបង្ហាញសមាសភាពប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចម្រុះដែលមានថ្នាក់ជាតិ ថ្នាក់រដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ រួចហើយ លោក សួន សេរីរដ្ឋា បានបើកឱ្យសមាជិកគ្រប់ថ្នាក់បញ្ចេញយោបល់ជាមួយការប្តេជ្ញាចិត្តដើម្បីជំរុញការងាររួមឱ្យបានឆាប់ទទួលជោគជ័យ និងទាំងអស់គ្នាត្រូវសហការល្អបំពេញភារកិច្ចដែលលោកបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទប្រគល់ជូន។ ម្យ៉ាងទៀតត្រូវរួមគ្នាទប់ស្កាត់សកម្មភាពអវិជ្ជមាន និងមិនស្របច្បាប់ទាំងឡាយដែលយកបញ្ហាជនជាតិដើមភាគតិចមកធ្វើអាជីវកម្មបម្រើប្រយោជន៍បុគ្គល។
ក្រោយពីបានស្តាប់គ្រប់បញ្ហានៅមូលដ្ឋានដែលជាឧបសគ្គកន្លងមក លោក សួន សេរីរដ្ឋា បានណែនាំឱ្យសមាសភាពក្រុមការងារទាំងអស់ធ្វើការសហការគ្នាដោយធ្វើយ៉ាងណាកុំឲ្យជាន់ដានចាស់ ហើយបើមានបញ្ហាអ្វីមិនប្រក្រតីត្រូវរាយការណ៍និងដោះស្រាយដោយការរួមទទួលខុសត្រូវ៕