(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច មានសេចក្តីសោកស្តាយជាពន់ពេក ចំពោះគណបក្សភ្លើងទៀនដែលមានការធ្វេសប្រហែស ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ទោះបីជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជូនដំណឹង និងទុករយៈពេល៥ថ្ងៃបន្ថែមទៀតដើម្បីឱ្យគណបក្សភ្លើងទៀន ធ្វើការកែតម្រូវ និងបំពេញលក្ខខណ្ឌខ្វះខាតផ្សេងៗ ដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា៖ «សេចក្តីសម្រេចការបដិសេធចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀនថ្មីៗនេះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺផ្អែកទៅលើទិដ្ឋភាពផ្លូវច្បាប់សុទ្ធសាធមិនជាប់ពាក់ព័ន្ធជាមួយបញ្ហានយោបាយនោះឡើយ ពោលគឺគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មតែប៉ុណ្ណោះ»។

គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រទាំងស្រុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការអនុវត្តច្បាប់បានយ៉ាងត្រឹមត្រូវ ឥតលម្អៀង ដោយគ្រប់បណ្តាគណបក្សនយោយបាយទទួលបាននូវភាពស្មើគ្នាក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនាពេលកន្លងមកនេះ៕