(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ នៃសមាគមយុវជនទិសអាគ្នេយ៍ ព្រមទាំងសមាជិក សមាជិកា នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

ញត្តិគាំទ្ររបស់សមាគមយុវជនទិសអាគ្នេយ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ បានបញ្ជាក់ថា «ក្នុងនាមខ្ញុំថ្នាក់ដឹកនាំ នៃសមាគមយុវជនទិសអាគ្នេយ៍ ព្រមទាំងសមាជិក សមាជិកា សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្ដីសម្រេចបដិសេធទាំងស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់ គណបក្សភ្លើងទៀន ក្រោយមិនបានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣»។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នកំពូលមានចែងក្នុងរដ្ឋធម្មនុញ្ញ ស្ថាប័នបច្ចេកទេស និងអនុវត្តច្បាប់ និងមិនមែនជាស្ថាប័ននយោបាយទេ។ ​សមាគមយុវជន ទិសអាគ្នេយ៍ សូមគាំទ្រចំពោះសេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកបទៅដោយតម្លាភាព និងភាពសុក្រិតយុត្ដិធម៌ សម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

​តាងនាមខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃ សមាគមយុវជនទិសអាគ្នេយ៍ សូមប្ដេជ្ញាការពារឱ្យបានរឹងមាំជាអមតៈ នូវសន្ដិភាព ស្ថិរភាពសង្គម លទ្ធិប្រជាធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពទៅតាមលក្ខខណ្ឌគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជានិច្ច៕