(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានចេញមុខព្រមានចំពោះប្រទេសកូរ៉េខាងត្បូង ក្រោយទីក្រុងព្យុងយ៉ាង បានបង្ហាញសញ្ញាថា ខ្លួនត្រៀមរួចរាល់ហើយ សម្រាប់ការធ្វើតេស្តអាវុធ នុយក្លេអ៊ែរជាលើកទី០៥ ខណៈសកម្មភាពនានាកំពុងតែកើតមានឡើងនៅទីតាំងធ្វើតេស្ត នៅក្នុងទឹកដីកូរ៉េខាងជើងតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០១៦
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង Jeong Joon-hee បានថ្លែងនៅព្រឹកថ្ងៃចន្ទនេះថា «កូរ៉េខាងជើង ទំនងជាបានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើតេស្តនុយក្លេអ៊ែរលើកទី ០៥ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានត្រៀមខ្លួនពេញលេញរួចរាល់ដែរ នៅក្នុងការតាមដានសកម្មភាពកូរ៉េខាងជើង តាមរយៈសម្ព័ន្ធភាពដ៏ជិតស្និត រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក»។
តាមរយៈប្រភពពីរដ្ឋាភិបាលក្នុងសេអ៊ូល និងតូក្យូ សារព័ត៌មានជប៉ុនបានចេញផ្សាយពីសកម្មភាពកូរ៉េខាងជើង ដែលមាននៅតំបន់ធ្វើតេស្ត ដែលសកម្មភាព ទាំងនោះបានបង្ហាញឲ្យ ក្រុមអ្នកតាមដានអាចធ្វើការសន្និដ្ឋានថា កូរ៉េខាងជើងនឹងធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរ។ សម្រាប់តំបន់ធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើងនេះ ត្រូវបានប្រើប្រាស់ សម្រាប់បំផ្ទុះសាកល្បងនុយក្លេអ៊ែរ ចាប់តាំងពីលើកដំបូងក្នុងឆ្នាំ ២០០៦ មកម្ល៉េះ ហើយប៉ុន្មានចុងក្រោយនេះ គេបានឃើញសកម្មភាពរថយន្ត និងមនុស្សជាច្រើនចល័តនៅទីនោះ។
គួរបញ្ជាក់ថា ផ្នែកតាមដានកូរ៉េខាងត្បូង បានចាប់បានសកម្មភាពនៅកូរ៉េខាងជើងតាំងពីថ្ងៃទី០៨ ខែកក្កដា មកម្ល៉េះ គឺបន្ទាប់ពី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានព្រមព្រៀងដាក់ ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើ ទឹកដីនៃតំបន់ឧបទ្វីបកូរ៉េ ដែលបាននិងកំពុងបង្កការ មិនពេញចិត្តខ្លាំង ពីសំណាក់បណ្តាប្រទេសនៅជុំវិញ៕