(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា (វ.ស.ក) នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ប្រកាសសមាសភាពក្រុមការងារបច្ចេកទេស កំណត់អត្តសញ្ញាណជនជាតិដើមភាគតិច ក្នុងខេត្តកោះកុង ដែលមានទីតាំងនៅសាលាខេត្តកោះកុង។

កម្មពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការជាអនុប្រធាន លោកស្រី អ៊ី នារីនេត អភិបាលរង នៃគណអភិបាលខេត្តកោះកុង ជាអនុប្រធានអចិន្ត្រៃយ៍ និងក្រុមការងារថ្នាក់ជាតិ នៃនាយកដ្ឋានអភិវឌ្ឍជនជាតិដើម ភាគតិច រដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកថ្មបាំង ប្រធានមន្ទី និងការិយាល័យពាក់ព័ន្ធ ជាសមាជិក ។

លោក សួន សេរីរដ្ឋា បានបន្ដថា កិច្ចការងារ និងក្រុមការងារនេះ សំដៅសម្រេចឲ្យបាននូវសេចក្តីសម្រេចរបស់ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍជនបទ ដើម្បីដោះស្រាយបញ្ហា និងបញ្ចប់ភាពកកស្ទះ និងពន្លឿនការចុះបញ្ជីអត្តសញ្ញាណ ជនជាតិដើមភាគតិចនៅខេត្តកោះកុង ឲ្យបានសម្រេចតាមគោលនយោបាយជាតិរបស់ រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក សួន សេរីរដ្ឋា បានណែនាំផ្តាំផ្ញើរឲ្យ លោក លោកស្រី លោក អ្នកមានឈ្មោះក្នុងបញ្ជីក្រុមការងារ ទាំងអស់ ត្រូវយកចិត្តទុកដាក់រួមគ្នាធ្វើការដោយការទទួលខុសត្រូវធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលនៅសេសសល់ ហើយបញ្ចប់ភាពរាំងស្ទះ ជួយលើកទឹកចិត្តសហគមន៍ចូលរួមទទួលយកការចុះបញ្ជីឲ្យបានគ្រប់សហគមន៍ និងពិសេសយកលទ្ធផលដែលបានសម្រេចក្នុងខេត្តកោះកុងនេះធ្វើជាគំរូអនុវត្តន៍ជំរុញសកម្មភាពនៅតាមបណ្តាខេត្តផ្សេងៗទៀតឲ្យបានជោគជ័យ។

សូមជម្រាបដែរថា ការប្រកាសសមាសភាពពេលព្រឹក នៅពេលរសៀល លោក សួន សេរីរដ្ឋា ដឹកនាំក្រុមការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចុះទៅមូលដ្ឋានស្រុកថ្មបាំងខេត្តកោះកុង មើលការងារមូលដ្ឋានដោយផ្ទាល់ ៕