(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។

គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ដូច្នេះថា៖ «គណបក្សសញ្ជាតិកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងចំពោះសេចក្តីសម្រេចស្ដីពីការបដិសេធការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ របស់ គណបក្ស ភ្លើងទៀន ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

គណបក្សសញ្ជាតិកម្ពុជាយល់ឃើញថា ការបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ជារឿងត្រឹមត្រូវបំផុត ព្រោះ គណបក្សភ្លើងទៀន មិនបានបំពេញសំណុំបែបបទ គ្រប់គ្រាន់តាមច្បាប់ ដែលបានកំណត់ ហើយគណក សញ្ជាតិកម្ពុជា ក៏សូមគាំទ្រផងដែរ ចំពោះការបកស្រាយបំភ្លឺផ្នែកច្បាប់ របស់ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ក្នុងការឆ្លើយតបទៅនឹងគណបក្ស ភ្លើងទៀន។

ទន្ទឹមនឹងនេះ គណបក្សសញ្ជាតិកម្ពុជា សូមអំពាវនាវដ៏ទទូចស្នើដល់ក្រុមប្រឹក្សាធម្មនុញ្ញ មិនត្រូវអត់អោន មិនត្រូវផ្ដល់ឱកាសដល់គណបក្ស ភ្លើងទៀន ក្នុងការបំផ្លាញប្រជាធិបតេយ្យ បំផ្លាញសន្តិភាព បង្កភាពវឹកវរ ដល់សង្គម ជាតិនោះទេ ដូចអ្វីដែលយើងបានឃើញស្រាប់ហើយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មា ធិការនាយកនិងថ្នាក់ដឹកនាំគណបក្សរាជធានី ខេត្ត ទូទាំងប្រទេសរបស់គណបក្ស ភ្លើងទៀន ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៣ ហើយត្រូវតម្កល់សេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទុកជាបានការ។ ជាមួយគ្នានេះដែរ គណបក្សសញ្ជាតិកម្ពុជា ក៏សូមអំពាវនាវដល់អ្នកសមាជិក សមាជិកា និងអ្នកគាំទ្រ គណបក្ស ភ្លើងទៀនទាំងអស់ មិនត្រូវជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំរបស់ខ្លួនឡើយ ហើយធ្វើការពិចារណា និងតម្កល់ផលប្រយោជន៍ជាតិជាធំ និងភាពសុខសាន្តរបស់ប្រជាជាតិនិងមាតុភូមិយើងទាំងអស់គ្នា»។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។

ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។

គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕