(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញញត្តិគាំទ្រចំពោះការអនុម័តរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធលើការចុះបញ្ជីដល់ គណបក្សភ្លើងទៀន សម្រាប់បោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារតែគណបក្សនេះ មិនបំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់។
គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ដូច្នេះថា៖ «គណបក្សខ្មែររួបរួមជាតិ មានកិត្តិយសសូមធ្វើសេចក្ដីប្រកាសជូនសារធារណជនជ្រាប ជុំវិញ សេចក្តីសម្រេច របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបដិសេធការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើង ទៀន ដូចតទៅ៖
១- គាំទ្រទាំងស្រុងសេចក្តីសម្រេចបដិសេធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លើការ ចុះឈ្មោះគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ពីព្រោះជាការ អនុវត្តន៍ស្តង់ដារតែមួយរបស់ គជប ទៅលើបណ្តាគណបក្សនយោបាយនៅកម្ពុជាទាំងអស់ ដោយស្មើភាព គ្មានការរើសអើង។
២- អំពាវនាវឲ្យ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ តម្កល់ និងរក្សាទុកជាបានការ សេចក្តីសម្រេចរបស់ គជប ស្ដីពីការបដិសេធ ការចុះបញ្ជីគណបក្សនយោបាយភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧។
៣- ជាមួយនឹងការសោកស្តាយ ដែលគណបក្សភ្លើងទៀន មិនបំពេញបែបបទតាមលក្ខខណ្ឌតម្រូវ របស់ គជប ទោះដោយចេតនា ឬអចេតនាក្តី ដែលនាំឲ្យខកខានមិនអាចចុះបញ្ជីឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវដល់សមាជិក និងអ្នកមានសមានចិត្តគាំទ្រ គណបក្សភ្លើងទៀន កុំបន្តធ្វើសកម្មភាពតវ៉ា ឬប្រឆាំង ដោយការតស៊ូមតិតាមសន្តិវិធីក្តី តាមរូបភាពណាក្តី ព្រោះគ្មានទទួលអ្វី ក្រៅពីបង្កការហ្វឹកហ្វរ ប៉ះពាល់សណ្តាប់ធ្នាប់ ប៉ះពាល់សេដ្ឋកិច្ច សង្គម និងនាំឲ្យមានគ្រោះថ្នាក់ និងប្រឈមផ្លូវច្បាប់តែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបដិសេធតែម្តងទៅលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀនឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៧ ដោយសារគណបក្សនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌ និងមិនបានភ្ជាប់មកជាមួយនូវប្រកាស ក្នុងការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម។ គ.ជ.ប បានអះអាងថា គណបក្សភ្លើងទៀន ពុំបានបំពេញនូវចំណុចខ្វះខាតរបស់ខ្លួននោះទេ។
ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះមានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី។ គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមួួយថ្ងៃមុនការបិទការស្នើសុំចុះឈ្មោះ។ នៅពេលពិនិត្យបញ្ជីឈ្មោះគណបក្សនេះ គ.ជ.ប ក៏រកឃើញថា កំហុសផងដែរ នោះគឺបេក្ខជនពេញសិទ្ធិលេខរៀងទី១ មណ្ឌលខេត្តកណ្តាល ឈ្មោះ រ៉ុង ឈុន ភេទប្រុស កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៦៩ ត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈឹម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ ដែលចំណុចនេះ ត្រូវបានកំណត់នៅក្នុងច្បាប់។
គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចអនុម័តចុះបញ្ជីដល់គណបក្សសរុបចំនួន១៨ ដែលបានដាក់ឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់នៃច្បាប់៕